ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករខ្មែរលក់ដូរនៅផ្សាររុងក្លឿ ចូលទៅពិនិត្យទំនិញរបស់ខ្លួនបាន នៅព្រឹកថ្ងៃទី១៥កក្កដានេះ

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ដោយមានការសម្របសម្រួលរវាងអាជ្ញាធរខេត្តបន្ទាយមានជ័យនិងអាជ្ញាធរខេត្ត ស្រះកែវ(ប្រទេសថៃ)អាជ្ញាធរថៃបានអនុញ្ញាតឲ្យបងប្អូនអាជីវករខ្មែរ ដែលលក់ដូរនៅផ្សាររុងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលជាប់គាំងជាច្រើនខែព្រោះតែវិបត្តិនៃជំងឺកូវីដ-១៩នោះ ឲ្យចូលទៅពិនិត្យទំនិញរបស់ខ្លួនតាមសម្រួលហើយ។

នេះបើយោងតាមប្រសាសន៍លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

លោកថាក្នុងការចូលទៅពិនិត្យទំនិញនេះអាជ្ញាធរថៃឲ្យបងប្អូនអាជីវករចូលទៅចំពោះតែអ្នកមានរថយន្តតែប៉ុណ្ណោះ ដោយក្នុងមួយថ្ងៃអាចចូលបានរថយន្តចំនួន ៥០គ្រឿងក្នុងមួយគ្រឿងផ្ទុកបានតែមនុស្ស២នាក់។ដោយឡែកចំពោះបងប្អូនកម្មករនិងអាជីវករលក់ដូរក្នុងផ្សាររុងក្លឿប្រទេសថៃដែលពុំមានរថយន្តឬអ្នកមានម៉ូតូភាគីថៃមិនទាន់អនុញ្ញាតឲ្យបំពេញបែបបទចូលរកស៊ីនិងពិនិត្យទំនិញបាននោះទេបើទោះកន្លងមកអាជ្ញាខេត្តបន្ទាយមានជ័យសុំការយោគយល់ពីភាគីថៃក៏ដោយ។

 ជាមួយគ្នានេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ក្លងលឹក ភាគីថៃនៅតែបន្តបិទព្រំដែនដដែលដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញ-ចូលនោះទេ បន្ទាប់ពីភាគីបានប្រកាសបិទព្រំដែនកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០កន្លងទៅ។ ទន្ទឹមគ្នានេះរដ្ឋាភិបាលថៃក៏បានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្នដំណាក់កាលទី៤ រយៈពេល ១ខែ បន្ថែមទៀត ចាប់ពីថ្ងៃទី០១ ដល់ទី៣១ ខែកក្កដា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ។

សូមជម្រាបថា ក្រុមការងារសម្របសម្រួល និងបំពេញបែបបទរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងក្នុងនាមជាអន្តរការីសម្របសម្រួលនីតិវិធីជូនប្រជាពលរដ្ឋ (បងប្អូនអាជីវករ) ដែលត្រូវចូលទៅពិនិត្យទំនិញនៅផ្សាររុងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃឡង់ដ៏ គឺមិនតម្រូវឱ្យបងប្អូនអាជីវករបង់ថ្លៃ (ឥតគិតថ្លៃ) ចំពោះសេវាបំពេញបែបបទរបស់ខ្លួននោះទេហើយមានទីតាំងតែមួយគត់នៅស្ថានីយរថភ្លើងប៉ោយប៉ែត។

លោកបញ្ជាក់ថាក្រោយពីការផ្ទុះជំងឺកូវីដ-១៩ ខាងភាគីថៃសុំគោលការបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក៏ដូចជាច្រកទ្វារទាំងអស់នៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២០ ។

ដូច្នេះធ្វើឲ្យកសិផលរបស់ពលរដ្ឋយើងមានការកកស្ទះនិងជួបផលលំបាក។

ប៉ុន្តែ ក្រោយពីយើងបានជំនួបគ្នាសុំភាគីថៃសុំសម្របសម្រួលដើម្បីដោះស្រាយបញ្ហានេះទាំងច្រកទ្វារអន្តរជាតិប៉ោយប៉ែតរួមទាំងច្រកតំបន់២ទៀតដូចជាច្រកម៉ាឡៃនិងច្រកបឹងត្រកួន ដោយសារច្រកទាំងពីរនេះគឺជាច្រកដែលយើងដឹកកសិផលរបស់បងប្អូនប្រជាពលរដ្ឋយើងចេញ ដូច្នេះយើងបានព្រមព្រៀងគ្នាអនុញ្ញាតឲ្យរថយន្តខាងភាគីថៃចូលមកដឹកផលកសិកម្មតែម្ដង៕

ដោយ៖វណ្ណា


ចែករំលែក៖