ព័ត៌មានទាន់ហេតុការណ៍៖

អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ ចែកអំណោយដល់ប្រជាពលរដ្ឋ៣០គ្រួសារនៅសង្កាត់ព្រែកប្រា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌបានដឹកនាំប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ចុះជួបសំណេះសំណាល សាកសួរ សុខទុក្ខ និងនាំយកអំណោយឧបត្តម្ភជូនដល់ប្រជាពលរដ្ឋចំនួន៣០គ្រួសារ 

ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ។

     ក្នុងឱកាសអញ្ជើញចូលរួមផ្តល់អំណោយនេះដែរ លោក ចេង មុនីរ៉ា បានថ្លែងនូវក្តីអាណិតអាសូរចំពោះប្រជាពលរដ្ឋក្រីក្រ ហើយលោកក៏បានថ្លែងសរសើរមន្ត្រីមូលដ្ឋានភូមិ-សង្កាត់ និងមន្រ្តីអនុសាខាកាកបាទក្រហមខណ្ឌ ដែលតែងតែតាមដានពិនិត្យមើលពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋទីទ័លក្រដោយបានរៀបចំជាអំណោយ ចែកជូនដើម្បីសម្រាលនូវការលំបាកខ្វះខាតរបស់បងប្អូន។

    លោកអភិបាលខណ្ឌ បានលើកឡើងផងដែរពីការយកចិត្តទុកដាក់គិតគូររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែ បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេសប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព និងងាយរងគ្រោះ ហើយសម្តេចតែងតែបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ទីកន្លែងត្រូវតាមដានពីសុខទុក្ខប្រជាពលរដ្ឋ និងគិតគូរដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។

      ក្នុងឱកាសនេះដែរលោកប្រធានកិត្តិយសអនុសាខាបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេស ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់  ដោយមិនប្រកាន់ប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។

      ជាមួយគ្នានោះដែរលោកប្រធានក៏បានផ្ដាំផ្ញើដល់លោកយាយលោកតាបងប្អូនទាំងអស់ឲ្យរក្សានូវអនាម័យល្អ ផឹកស្អាត ហូបស្អាត រស់នៅស្អាត  ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជានិច្ចក្នុងការបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងសុខភាព និងជីវភាពប្រជាពលរដ្ឋជាសកល មិនថាតែប្រទេសកម្ពុជាយើងមួយប៉ុណ្ណោះទេ ៕ដោយ៖ សណ្តោស


ចែករំលែក៖