អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានបញ្ជាក់ថា អាមេរិកគាំទ្របណ្តាប្រទេសដែលជាជនរងគ្រោះនៅក្នុងការប្រកាសដែនអធិបតេយ្យរបស់ចិនគ្របដណ្តប់នៅសមុទ្រចិនខាងត្បូង។
រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងគាំទ្របណ្តាប្រទេសដែលមានវិវាទជាមួយចិននៅសមុទ្រចិនខាងត្បូង ។ ការគាំទ្រធ្វើឡើងតាមរយៈវេទិកាក្នុងតំបន់និងកិច្ចសហប្រតិបត្តិការអាមេរិក-អាស៊ាន។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីលោកMike Pompeo បញ្ជាក់ថា «យើងនឹងគាំទ្រប្រទេសទាំងអស់នៅលើពិភពលោកដែលកំពុងទទួលរងការឈ្លានពានពីចិនដោយខុសច្បាប់»។ ចំណែកភាគីចិនវិញបានថ្កោលទោស អាមេរិក ថាកំពុងតែជំរុញឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹងថែមទៀត។
វិវាទរវាងអាមេរិក នឹងចិនកាន់តែខ្លាំងឡើងលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ បច្ចេកវិទ្យា…។ វិវាទកាន់តែខ្លាំងឡើងក្រោយពេលចិនរីកចម្រើនលើគ្រប់វិស័យអាចគំរាមកំហែងដល់មហាអំណាចទីមួយរបស់អាមេរិក ។
កត្តាទាំងនោះហើយបានជាអាមេរិក ប្រើគ្រប់វិធីសាស្ត្រដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន តាមរយៈការ កៀរគរប្រទេសក្នុងតំបន់ឲ្យក្រោកឈរឡើងប្រឆាំងចិន ដើម្បីតែផលចំណេញនយោបាយរបស់អាមេរិកតែប៉ុណ្ណោះ៕ដោយ៖ធី រីណា