អាមេរិក៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេច ផ្លាស់ប្តូរតំណែង ប្រធានយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដែលជាសកម្មភាព ដើម្បី ស្វែងរកការគាំទ្រជាថ្មីឡើងវិញពីពលរដ្ឋ អាមេរិក ក្រោយការគាំទ្រធ្លាក់ចុះយ៉ាងខ្លាំង ។ ចំណែកគូប្រជែង លោកចូ បៃឌិន ទទួលបានការគាំទ្រខ្ពស់ សម្រាប់បោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិការខាងមុខ។
នៅលើបណ្តាញសង្គម Facebook លោកត្រាំបានបញ្ជាក់ថា អ្នកគ្រប់គ្រងយុទ្ធនាការបោះឆ្នោតឆ្នាំ២០២០ លោក Brad Parscale នឹងត្រូវផ្លាស់ប្តូរជំនួសដោយលោក Bill Stepien ដែលជាអនុប្រធានគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រាំ។ ចំណែកលោកBrad Parscale បានប្តូរទៅកាន់តួនាទីជាអ្នកគ្រប់គ្រងបច្ចេកទេសនិងតួលេខ«។
បើទោះបី ការបោះឆ្នោត មិនដល់៤ខែទៀត តែ លោកត្រាំបានសម្រេច ផ្លាស់ប្តូរ ប្រធានយុទ្ធនាការដើម្បី បញ្ចៀសការចាញ់ឆ្នោតនាពេលខាងមុខ។ លោក Brad Parscale ទទួលរងការរិះគន់យ៉ាងខ្លាំង ក្រោយយុទ្ធនាការឃោសនាបោះឆ្នោត នៅតំបន់Tulsa កាលពីខែមិថុនា មិនទទួលបានការទាក់ទាញពីពលរដ្ឋ ដូចជាការរំពឹងទុក។
ប្រភពព័ត៌មានបានឲ្យដឹងថា លោកត្រាំបារម្ភយ៉ាងខ្លាំងក្រោយលទ្ធផលស្ទង់មតិ ឃើញថា លោក ធ្លាក់ការគាំទ្រជាច្រើន ពិសេសនៅក្នុងរដ្ឋ ប្រពៃណីដែលតែងតែគាំទ្រ គណបក្សសាធារណរដ្ឋ។ ទាំងនោះហើយបានជាលោកសម្រេចប្តូរ ឲ្យលោកBill Stepien មកគ្រប់គ្រង យុទ្ធនាការឃោសនារបស់លោកវិញ ។លោកBill Stepien ធ្លាប់ជាអ្នករៀបចំយុទ្ធនាការឃោសនាបោះឆ្នោត ដល់បេក្ខភាពប្រធានាធិបតី របស់គណបក្សសាធារណរដ្ឋ។
ជាមួយគ្នា លោកត្រាំបានថ្កោលទោសយ៉ាងខ្លាំង ដល់ការស្ទង់មតិ នាពេលកន្លងមក ថា មិនមែនជារឿងត្រឹមត្រូវ ក្រោយបេក្ខភាព ចូបៃឌិនទទួលបានការគាំទ្រ ច្រើនជាងលោកដល់ទៅ១០ភាគរយ៕
ដោយ៖ធី រីណា