ភ្នំពេញ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបង្ហាញអំពីគម្រោងអភិវឌ្ឍន៍នៃព្រលានយន្ដហោះថ្មី នៅខេត្តភូមិភាគឦសានមួយនេះខណៈដែលដីទំហំ៦០០ហិកតា ត្រូវបានរដ្ឋបាលខេត្តត្រៀមរួចរាល់អស់ហើយ នៅពេលរាជរដ្ឋាភិបាលត្រូវការសងសាង់ មានចម្ងាយប្រហែល២០គីឡូម៉ែត្រពីទីក្រុងសែនមនោរម្យ ។ ការថ្លែងបែបនេះ របស់អភិបាលខេត្តមណ្ឌលគិរី គឺបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីព្រឹកថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២០នេះ ។
លោកស្វាយ សំអ៊ាង បានបញ្ជាក់ថា គម្រោងព្រលានយន្ដហោះថ្មីនេះមិនអាចសាងសង់នៅលើទីតាំងចាស់បានទេ ព្រោះដីមានតែ១៩ហិកតាប៉ុណ្ណោះ ពោលនៅកន្លែងចាស់នាពេលបច្ចុប្បន្នហាក់មានសភាពចង្អៀត ព្រោះប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងនោះច្រើន ។
លោកអភិបាលខេត្តរូបនេះបានឲ្យដឹងថា នៅពេលរាជរដ្ឋាភិបាលត្រូវការសាងសង់ព្រលានយន្ដហោះថ្មីនោះព្រលានយន្ដហោះចាស់ក៏មិនត្រូវបានបោះបង់ចោលឬលក់នោះដែរ ពោលគឺរដ្ឋបាលខេត្ត សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំទីតាំងនេះទៅជាសួនច្បារ ឬកន្លែងសម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ដជំនួសវិញ ដើម្បីបង្កើនភាពទាក់ទាញបន្ថែមលើអ្វីដែលខេត្តមណ្ឌលគិរីមានបច្ចុប្បន្ន ។
លោក ស្វាយ សំអ៊ាង បានថ្លែងគូសបញ្ជាក់ថា “យើងទុកទីតាំងព្រលានចាស់នោះធ្វើជាសួនច្បារ ហើយយើងរកទីតាំងថ្មី ដែលទីតាំងថ្មីនេះយើងមានផ្ទៃដីប្រមាណជា៦០០ហិកតា ដែលឃ្លាតពីក្រុងសែនមនោរម្យប្រមាណជាង២០គីឡូម៉ែត្រ។ ទីតាំងថ្មីនេះ អាចពង្រីកព្រលានយន្ដហោះខ្នាតធំនៅក្នុងស្រុក ឬខ្នាតអន្ដរជាតិ ដែលនេះអាស្រ័យលើការសិក្សារបស់អាកាសចរស៉ីវិល និងក្រសួងពាក់ព័ន្ធ” ។
លោកបានអះអាងថា បច្ចុប្បន្នរដ្ឋបាលខេត្តបាននិងកំពុងរៀបចំការពារដីដែលត្រៀមទុកនេះពីការរំលោភទន្ទ្រានពីប្រជាពលរដ្ឋ ហើយនៅពេលណារាជរដ្ឋាភិបាលត្រូវការ គឺរដ្ឋបាលខេត្តមានទីតាំងសមស្របទៅតាមតម្រូវការ សម្រាប់វិនិយោគព្រលានយន្ដហោះថ្មីនេះ។ ដោយឡែក ពាក់ព័ន្ធនឹងការរក្សាទុកព្រលានយន្ដហោះចាស់ រដ្ឋបាលខេត្តនឹងរៀបចំទៅជាសួនច្បារ ប៉ុន្ដែសួនច្បារនេះទៀតសោត នឹងត្រូវធ្វើឡើងជាដំណាក់កាល មិនមែនធ្វើម្ដងសម្រេចនោះទេ ខណៈបច្ចុប្បន្នកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធជាបណ្ដើរៗហើយ ដោយមានដាំដើមឈើជាដើម។
គួររំលឹកថា យោងតាមអ្វីដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្លាប់បង្ហើបប្រាប់នោះ ព្រលានយន្ដហោះថ្មីនៅខេត្តមណ្ឌលគិរី អាចនឹងត្រូវសាងសង់លើផ្ទៃដី៣០០ហិកតា ហើយតាមការប៉ាន់ស្ថានអាចនឹងវិនិយោគប្រមាណជាង៦០លានដុល្លារ។ គម្រោងនេះ បានសិក្សារួចរាល់ និងបានដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍ គោលនយោបាយសេដ្ឋកិច្ច។
សូមជម្រាបថា សព្វថ្ងៃនេះកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ កំពុងតែដំណើរការ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើទំនើបកម្មអាកាសយានដ្ឋាន ដោយក្រុមហ៊ុន SCA របស់បារាំង ៕ដោយ៖ហេង សូរិយា