ព័ត៌មានទាន់ហេតុការណ៍៖

ព្រេងខ្មែរ÷ រឿង បឹង​ទុំ​លែង (នៅ​ខេត្ត​បាត់ដំបង)

ចែករំលែក៖

បើយើងធ្វើដំណើរតាមដងផ្លូវជាតិលេខជាតិ​លេខ ៥ ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​បាត់ដំបង ដល់​ទៅ​ឃុំ​គួយជីកដី ក្នុង​ស្រុក​មោងឫស្សី ហើយ​ចុះ​ពី​ថ្នល់​ជាតិ​តាម​ផ្លូវ​ជើង​ចេញ​ពី​សាលា​ស្រុក​មោងឫស្សី ឈម​មុខ​ទៅ​ទិស​អាគ្នេយ៍​ចម្ងាយ​ប្រហែល ១០ គីឡូម៉ែត្រ ឬ​ដើរ​ចុះ​ពី​ថ្នល់​ជាតិ​ទៅ​កាត់​ត្រង់​ស្ថានីយ​រថភ្លើង​ទៅ​ស្វាយ​ព្រៃ ដែល​នៅ​ខាង​កើត​សាលា​ស្រុក​មោងឫស្សី ៧ គីឡូម៉ែត្រ រួច​ឈម​មុខ​ទៅ​ទិស​ទក្សិណ ចម្ងាយ​ប្រហែល​ជា ៤ គីឡូម៉ែត្រ យើង​នឹង​បាន​ឃើញ​បឹង ១ ហៅ​ថា ” បឹង​ទំ​លែង ” មាន​ទំហំ​ទទឹង​ប្រមាណ ១០០ ម៉ែត្រ បណ្ដោយ ៤០០ ម៉ែត្រ ។

បឹង​នោះ សព្វ​ថ្ងៃ​នេះ ជា​បឹង​ស័ក្ដិ​សិទ្ធិ មាន​មច្ឆជាតិ គឺ​ត្រី អណ្ដើក​ជា​ដើម​ច្រើន​ណាស់ ដោយ​ហេតុ​អ្នក​ស្រុក​ពុំ​ហ៊ាន​ទៅ​មក​រក​ធ្វើ​នេសាទ​កម្ម ហើយ​មាន​ទាំង​ម្រឹគ​ជាតិ គឺ​ប្រើស ក្ដាន់ ឈ្លូស រមាំង​ជាដើម នៅ​ក្នុង​ព្រៃ​ជុំ​វិញ​បឹង​នោះ​ផង​ជាទី​ចូល​ចិត្ត​ដល់​ពពួក​អ្នក​បរ​បាញ់​ក្រៃ​ពេក​។

រឿង​ព្រេង​ទាក់​ទង នឹង​ដើម​កំណើត​នៃ​បឹង​នោះ មាន​ដំណាល​ដូច​តទៅ​នេះ ៖

តាម​ចាស់​ៗ​ដំណាល​ត​ៗ គ្នា​មក​ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ថា :

កាល​ពី​ព្រេងនាយ មាន​ព្រះ​មហាក្សត្រ​មួយ​ព្រះ​អង្គ មាន​បុណ្យ​បារមី​អស្ចារ្យ​ណាស់ ។ ថ្ងៃ​មួយ ព្រះ​អង្គ​គង់​សត្វ​រមាស​ជា​ព្រះ​រាជយាន ជា​មួយ​នឹង​ទម័ក​ម្នាក់​ឈ្មោះ​នាយ​ទុំ ដើម្បី​ស្ដេច​ទៅ​ក្រសាល​នឹង​ស្ត្រី​ម្នាក់​ឈ្មោះ​នាង មុខរាហុ៍ ។ លុះ​ទ្រង់​ធ្វើ​ព្រះ​គមនាការ​ទៅ​ដល់​ភូមិ​មួយ បាន​ទត​ព្រះ​នេត្រ​ទៅ​ឃើញ​ស្ត្រី​ម្នាក់ មាន​លំនាំ​ប្រហែល​នាង មុខរាហុ៍ តែ​ទ្រង់​ទត​បញ្ជាក់​ទៅ ទើប​ទ្រង់​ជ្រាប​ច្បាស់​ថា​មិន​មែន​នាង មុខរាហុ៍ ទេ ក៏​ទ្រង់​ចាក​ចេញ​ទី​នោះ​ហួស​ទៅ​ទៀត ។ កាល​ទ្រង់​យាង​ហួស​ទៅ ទ្រង់​កាត់​សំដៅ​គេហដ្ឋាន​នាង មុខរាហុ៍ លុះ​ដល់​ហើយ​ស្ដេច​ចុះ​អំពី​ខ្នង​រមាស ឲ្យ​នាយ ទុំ​ចង​រមាស​នោះ​នៅ​ក្រោម​ដើម​ក្រសាំង ១ ហើយ​ស្ដេច​យាង​ទៅ​ក្រសាល​នឹង​នាង មុខរាហុ៍ ទៅ ។ ឯ​នាង​មុខរាហុ៍ កាល​បាន​សំណេះ​សំណាល​នឹង​ព្រះ​មហា​ក្សត្រ តាម​ការ​លោកិយ ហើយ​ក្រាប​បង្គំ​ទូល​សួរ​ព្រះ​មហាក្សត្រ​ថា “ព្រះ​អង្គ​ស្ដេច​យាង​មក​នេះ ដោយ​យាន​អ្វី​? ” ។ ព្រះ​រាជា​ទ្រង់​តប​ថា ” បង​មក​ដោយ​រមាស បង​ចង​ទុក​ក្រោម​ដើម​ក្រសាំង ” ។ រមាស​ស្ដាប់​មិន​ច្បាស់ ឮ​តែ​ថា “រមាស​ក្រសាំង” ក៏​ចូល​ចិត្ត​ថា “ព្រះ​មហា​ក្សត្រ​ថា​ខ្លួន”ជា​សត្វ-ក្រសាំង ” ទៅ​វិញ ក៏​មាន​សេចក្ដី​ទោមនស្ស​ដោយ​នឹក​ឃើញ​ថា “អញ​មាន​សេចក្ដី​ស្មោះ​ត្រង់​នឹង​លោក យក​អាសា​លោក ខំ​ជូន​មក​ទាំង​យប់​ទាំង​អធ្រាត្រ អត់​ដំណេក​ស្រេក​បង្គុយ​លោក​ទៅ​ជា​ថា​ឯង ក្រសាំង​ទៅ​វិញ” ។ នឹក​ហើយ​រមាស​ក៏​បោល​ផ្ដាច់​ខ្សែ​ពី​ដើម​ក្រសាំង​ទៅ ។ ឯ​នាយ ទុំ ក៏​រត់​តាម​ជាប់​ពី​ក្រោយ​រមាស​ទៅ​ដែរ ។

ឯ​ព្រះ​មហា​ក្សត្រ កាល​បើ​ទ្រង់​ជ្រាប​ថា រមាស​បោល​ផ្ដាច់​ខ្សែ​ដូច្នោះ​ហើយ ស្ដេច​ក៏​ធ្វើ​ព្រះ​គមនាការ​យាង​តាម​ទៅ​ដែរ ។ លុះ​នាយ ទុំ តាម​ទាន់​ត្រង់​វាល​មួយ ក៏​តោង​កន្ទុយ​រមាស​ជាប់​តែ​រមាស​ពុំ​ព្រម​ឈប់​សោះ ។ នាយ ទុំ បាន​ឈរ​ជ្រែង​​ជើង​ទប់​ដី​ជាប់ ៗ ក៏​របើក​ទាំង​ផ្ទាំង​ៗ។

ព្រះ​មហា​ក្សត្រ​ទ្រង់​ទត​ឃើញ​ដូច្នេះ ក៏​ទ្រង់​ស្រែក​ប្រាប់​ទៅ​អំពី​ក្រោយ​ថា ” ទុំ លែង​ៗ “​, ទើប​នាយ ទុំ លែង​រមាស​នោះ ។

ឯ​រមាស​ក៏​បោល​ចូល​ព្រៃ​បាត់​ទៅ ជាប់​ទាំង​អាន​ដែល​ចង​លើ​ខ្នង​នោះ​ទៅ​ផង ។

ព្រះ​មហា​ក្សត្រ​ទ្រង់​ខ្ញាល់​ខ្លាំង​ណាស់ ទ្រង់​ដាក់​បណ្ដា​សា​ដល់​សត្វ​រមាស​នោះ​ថា “ពូជ​អា​ឯង ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ ត្រូវ​ស៊ី​តែ​បន្លា​ជា​អាហារ និង​ផឹក​តែ​ទឹក​ល្អក់​ជា​ដរាប ” ។

ព្រោះ​ហេតុ​ដូច្នោះ​ឯង បាន​ជា​នៅ​លើ​ខ្នង​សត្វ​រមាស​​ទាំង​ឡាយ​សព្វ​ថ្ងៃ​នេះ មាន​សាច់​មួយ​ស្រទាប់​នៅ​ខ្នង​សណ្ឋាន​ដូច​ជា​គេ​ចង​អាន​ទុក​ស្បែក​ក្រហេង​ក្រហូង​ជា​ច្រើន​ស្រទាប់ ជា​ទី​ជ្រក​នៃ​ពួក​សត្វ​ក្អែប​និង​ខ្ទួយ ហើយ​ស៊ី​តែ​ឈើ ឬ​វល្លិ​ណា​ដែល​មាន​បន្លា​ជា​អាហារ ផឹក​តែ​ទឹក​ល្អក់ ទោះ​បី​ទឹក​ថ្លា ក៏​វា​យក​ជើង​កូរ​ឲ្យ​ទាល់​តែ​ល្អក់​សិន ទើប​បាន​ផឹក ដោយ​ត្រូវ​បណ្ដាសា​ព្រះ​មហាក្សត្រ តាំង​ពី​ពេល​នោះ​ឯង ។

ត្រង់​កន្លែង​ដែល​នាយ ទុំ តោង​កន្ទុយ​រមាស​ឈរ​ជ្រែង​ជើង​ធាក់​ដី​នោះ ក៏​ក្លាយ​ទៅ​ជា​បឹង​មួយ មាន​ទំហំ​ដូច​ពោល​បី​ខាង​លើ ហៅ​ថា ” បឹង​ទុំ​លែង ” ជាប់​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

ឯ​ភូមិ​ជា​ទី​លំនៅ​របស់​នាង មុខរាហុ៍ នោះ ក៏​មាន​ឈ្មោះ​ប្រាកដ​ជាប់​មក​ថា “ភូមិ​មុខរាហុ៍” ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ។

ពី បឹង​ទុំ​លែង ទៅ​ភូមិ មុខរាហុ៍ នេះ មាន​ចម្ងាយ​ប្រហែល ៨ គីឡូម៉ែត្រ ។ បើ​ត្រូវ​ការ​ទៅ​ពី​បឹង​ទុំ​លែង ទៅ​ភូមិ​មុខ​រាហុ៍ យើង​ត្រូវ​ធ្វើ​ដំណើរ​ឈម​មុខ​ទៅ​ទិស​ខាង​កើត​ចំនួន ៨ គីឡូម៉ែត្រ ទើប​បាន​ទៅ​ដល់​ភូមិ​នោះ ។ តំបន់​ដែល​ព្រះ​មហាក្សត្រ ទ្រង់​ទត​ព្រះ​នេត្រ​ឃើញ​ស្ត្រី​ម្នាក់​ប្រហែល​នាង មុខ​រាហុ៍ នោះ​ហៅ​ថា ” ភូមិ​ប្រហែល ” ជាប់​ត​មក ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ គេ​ហៅ​ក្លាយ​មក​ថា ” ភូមិ​ប្រហាល ឬ ប៉ាហារ ” ទៅ​វិញ ។ ឯ​ភូមិ​ប្រហាល សព្វ​ថ្ងៃ​នេះ​នៅ​ក្នុង​ឃុំ​តាលោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ។ បើ​ធ្វើ​ដំណើរ​ពី​ភូមិ​ប្រហាល​ទៅ​ភូមិមុខរាហុ៍ ត្រូវ​ចេញ​ដំណើរ​ឈម​មុខ​ទៅ​ទិស​ពាយ័ព្យ ប្រមាណ​ជា ៧ ឬ ៨ គីឡូម៉ែត្រ ទើប​បាន​ដល់​ទៅ ភូមិ​មុខ​រាហុ៍​នោះ ។

ជា​ទំនៀម​នៅ បឹង​ទុំ​លែង នោះ អ្នក​ស្រុក​តែង​ហាម​ឃាត់​អស់​ពួក​មន្ត្រី ដែល​ទៅ​នៅ​ត្រួតត្រា​លើ​ស្រុក​មោងឫស្សី​នោះ មិន​ឲ្យ​ដើរ​កាត់​មុខ គឺ​ពី​ខាង​កើត​បឹង​នោះ​ឡើយ ឲ្យ​ដើរ​បាន​តែ​ពី​ក្រោយ ដោយ​ហេតុ​ថា បើ​មន្ត្រី​ណា​ដើរ​កាត់​មុខ​បឹង​នោះ គេ​ថា មន្ត្រី​នោះ​នឹង​ត្រូវ​ខូច​បុណ្យ​ថ្លោះ​យស ឬ​ក៏​ត្រូវ​រាជការ​ផ្លាស់​ចេញ​ពី​ស្រុក​នោះ ដោយ​ឆាប់​រហ័ស ម៉្លោះ​ហើយ​អស់​លោក​ណា ដែល​និយម​ជឿ​តាម​ទំនៀម​នោះ មិន​ហ៊ាន​ប្រព្រឹត្ត​កន្លង​ពាក្យ​ហាម​នោះ​ឡើយ ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖