ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងក្លែងបន្លំខេត្តបន្ទាយមានជ័យនឹងចាត់ការតាមផ្លូវច្បាប់ចំពោះការនាំចូលភេសជ្ជៈនិងស្រាបៀរពីប្រទេសថៃតាមច្រករបៀង

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ កាលពីព្រឹកថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២០នេះ មន្រ្តីជំនាញការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងក្លែងបន្លំ ហៅកាត់( កបប )សាខាខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកប្រធានសាខា សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម បានចុះពិនិត្យទំនិញជាម្ហូបអាហារ និងដកយកសំណាកគំរូនៅតាមតូប បញ្ជរលក់ទំនិញ ក្នុងផ្សារសមាគមនៃក្រុងប៉ោយប៉ែត ឋិតក្នុងភូមិចាន់គិរី សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក សាន្ត វិជ្ជាសារាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងក្លែងបន្លំ ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្នុងការចុះប្រតិបត្តិការខាងលើ សមត្ថកិច្ចជំនាញបានដកហូតនូវផលិតផលទំនិញជាម្ហូបអាហារចំនួន១២សំណាក ជាគំរូរួមមាន៖ បន្លែស្រស់ ,ត្រីស្រស់ ,សាច់ស្រស់ ,ណែម ,មីលឿងខ្មែរ ,ពពុះសណ្តែក… ដើម្បីយកមកវិភាគនៅមន្ទីរពិសោធន៍ខ្នាតតូច នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជាលទ្ធផលរកឃើញ ងៀតយីហ៊ឺ ៨កញ្ចប់ = 0.5 Kg និង កម្ទេចមី ១១២០ កញ្ចប់= ២០Kg ដែលមិនអនុលោមតាមបញ្ញាតិច្បាប់ម្ហូបអាហារ ត្រូវបានដកហូត ដើម្បីយកមកដុតកម្ទេចចោលតាមនីតិវិធីច្បាប់ ។ 

ម៉្យាងវិញទៀតយោងតាមលទ្ធផលវិភាគលើសំណាកគំរូចំនួន១២គំរូនោះ បង្ហាញឲ្យឃើញថា  ពុំមានវត្តមានសំណល់ប្រភេទ Grow Promotor ឈ្មោះRactopamine និងឈ្មោះClenbuterol នៅក្នុងសាច់មាន់ សាច់ជ្រូក ត្រី និងកង្កែប និងពុំមានវត្តមានសារធាតុគីមី ហាមឃាត់ Borax នៅក្នុងណែម មីលឿងខ្មែរ ពពុះសណ្ដែក ហើយពុំមានវត្តមានសំណល់ថ្នាំកសិកម្មនៅក្នុងបន្លែស្រស់ (ត្រសក់ ខាត់ណាផ្កា សណ្តែកកួរ ទំពាំង) នោះឡើយ 

លោកបន្ថែមថាសំណល់ Grow Promotor ដែលនៅជាប់នឹងសាច់សត្វ ក្រោយពីអ្នកបរិភោគទទួលទានច្រើននឹងបណ្តាលឲ្យបេះដូងលោតញាប់ ឈឺក្បាល រមួលសាច់ដុំ លើសឈាម កន្រ្តាក់សាច់ដុំ រសាប់រសល់ ភ័យខ្លាច និងថប់អារម្មណ៍ជាដើម។ 

គួរបញ្ជាក់ថា នៅក្នុងការចុះដកហូតបន្លែត្រីសាច់នោះដែរគេសង្កេតឃើញថាការដាក់តាំងលក់របស់អាជីវករមួយចំនួនដូចជាភេសជ្ជៈCoca cola និងស្រាបៀរមួយចំនួនដែលនាំចូលពីប្រទេសជិតខាងដែលសុទ្ធសឹងជាផលិតផលរបស់ក្រុមហ៊ុនផ្ដាច់មុខមាននៅកម្ពុជា នេះជាកត្តាខុសនូវការអនុលោមនៃច្បាប់។ បន្ទាប់មកលោក ក៏បានធ្វើការណែនាំចំពោះការនាំចូលភេសជ្ជៈនិងស្រាបៀរតាមច្រករបៀង។ ដោយលោកបញ្ជាក់ទៀតថា មិនយូរនោះទេលោកនឹងចាត់វិធានការតាមច្បាប់ មិនបណ្ដោយឲ្យពួកគាត់លក់ទំនិញអន់គុណភាពបន្តទៀតនោះទេ៕ដោយ៖វណ្ណា

 

 


ចែករំលែក៖