អន្តរជាតិ៖ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ម្សិលមិញថា ក្រុមអ្នកតវ៉ាប្រមាណជា ២០០នាក់ បានប្រមូលផ្ដុំគ្នានៅទីស្នាក់ការកណ្ដាលរបស់យោធាថៃ ក្នុងទីក្រុងបាងកក ហើយស្រែករិះគន់រដ្ឋាភិបាលថាខ្ជះខ្ជាយលុយជាតិលើវិស័យយោធា ហើយចោទពួកយោធាថាជ្រៀតជ្រែកក្នុងកិច្ចការនយោបាយប្រទេសថៃ ។ ដោយក្នុងការតវ៉ានោះ ពួកគេបានលើកបដាបង្ហាញពីរូបអ្នករិះគន់របបលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ដែលត្រូវបានឃុំខ្លួន ឬបាត់ខ្លួន ហើយក៏មានសរសេរបដាទៀតថា «កុំឲ្យកើតមានការធ្វើរដ្ឋប្រហារណាផ្សេងទៀត» ។
បាតុករថៃមួយក្រុមទាំងអស់នោះ បានចោទប្រកាន់ថា ពួកយោធាលូកដៃក្នុងរឿងនយោបាយប្រទេសថៃ ហើយទាមទារឲ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ចុះចេញពីតំណែង ។ ហើយនោះគឺគាំទ្រការធ្វើរដ្ឋប្រហារយោធា ២០១៤ របស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ។ រដ្ឋប្រហារនេះហើយ បានលើកបន្តុបលោកប្រាយុទ្ធក្លាយជាប្រមុខរដ្ឋាភិបាលសឹកថៃ មុនក្លាយជារដ្ឋាភិបាលស៊ីវិលកើតឡើងដោយបោះឆ្នោត។ បន្ថែមពីលើនេះ ពួកគេ ក៏បានក្រើនរម្លឹកកងទ័ពឲ្យគោរពកាតព្វកិច្ចពួកគេចំពោះប្រជាជនថៃ ដោយអនុវត្តការងារដោយឯករាជ្យ និងអព្យាក្រឹត។
ចំណែក មេដឹកនាំបាតុករម្នាក់ បានឈរហែករូបភាពរបស់មេទ័ពជើងគោកថៃ ឧត្តមសេនីយ៍ Apirat Kongsompong នៅមុខខ្លោងទ្វារទីស្នាក់ការយោធាថៃ ក្នុងទីក្រុងបាងកក ។
គួរបញ្ជាក់ថា បាតុកម្មនេះ បានកើតឡើងពីរថ្ងៃក្រោយផ្ទុះបាតុកម្មមួយនៅវិមានប្រជាធិបតេយ្យ ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី ១៩ ខែកក្កដា ដោយមានមនុស្សប្រមាណ ២៥០០នាក់ចូលរួម ។ នៅបាតុកម្មនេះ ក្រុមអ្នកតវ៉ា ភាគច្រើនជាយុវជន បានទាមទារឲ្យរដ្ឋាភិបាលលោកប្រាយុទ្ធរំលាយសភាចោល និងបញ្ឈប់ការបៀតបៀនលើអ្នករិះគន់ ។ នេះគឺការតវ៉ាតាមដងផ្លូវធំបំផុតមួយ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤ ដែលទម្លាក់រដ្ឋាភិបាលថៃស្របច្បាប់។
បច្ចុប្បន្ន រដ្ឋាភិបាល លោក ប្រាយុទ្ធ ចន្ទអូចា ត្រូវបានមើលឃើញ កំពុងរង្គោះរង្គើខ្លាំង ដ្បិតសមាជិកគណៈរដ្ឋមន្ត្រីលោកបានលាលែងពីតំណែងជាបន្តបន្ទាប់។ បើគិតត្រឹមថ្ងៃទី២១ ខែកក្កដានេះ រដ្ឋមន្ត្រីសរុប៦នាក់ហើយបានដើរចេញ។ បើតាមការពិត ការចាកចេញរបស់សមាជិករដ្ឋាភិបាលថៃនេះដែរ កើតឡើងស្របពេលដែលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ប្រឈមបញ្ហាសេដ្ឋកិច្ចដោយបង្កឡើងដោយសារជំងឺរាតត្បាតសកល COVID-19 ។ ទាក់ទិនបញ្ហានេះ ធនាគារកណ្ដាលថៃ បានអះអាងថា កំណើនសេដ្ឋកិច្ចថៃ អាចធ្លាក់ចុះ ៨,១ ភាគរយក្នុងឆ្នាំនេះ ៕ ដោយ៖ស តារា