ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកកម្ទេចថ្មបើកបុករថយន្តកុងតឺន័របើកឆ្លងផ្លូវនិងស្លាកប៉ាណូផ្ទះថតរូបគាបជាប់អ្នកបើកបរក្នុងកាប៊ីនរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តបែនដឹកកម្ទេចថ្មដែលបើកលឿនជ្រុលបានទៅបុករថយន្តកុងតឺន័របើកឆ្លងផ្លូវ ហើយជ្រុលទៅបុកជាប់នឹងស្លាកប៉ាណូផ្ទះថតរូបបាក់ខ្ទេចគាបអ្នកបើករថយន្តក្នុងកាប៊ីនបណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតទ្បើងកាលពីម៉ោង ១០ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តធុនធំមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2067សណ្តោងទូកុងតឺន័រ ពាក់ស្លាកលេខ តាកែវ 4A-0025 ធ្វើដំណើរតាមផ្លូវបេតុងក្នុងភូមិភ្លូផ្អែម ឡើងឆ្លងមហាវិថីឈ្នះ=ឈ្នះ ក្នុងទិសដៅពីកើតទៅលិច បត់ឆ្លងផ្លូវ តែខណ:កំពុងបើកឆ្លងផ្លូវ ស្រាប់តែមានរថយន្តបែនដឹកកម្ទេចថ្មម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-5972  បើកលឿនដូចព្យុះ តាមមហាវិថីឈ្នះ=ឈ្នះ ពីត្បូងទៅជើង ជ្រុលទៅបុកទទឹងកុងតឺន័រ ហើយជ្រុលទៅបុកផ្ទប់នឹងស្លាកប៉ាណូរបស់ផ្ទះថតរូប យ៊ីហោ សុខ លាង បាក់បង្គោលខ្ទេចរួញកាប៊ីនរថយន្ត បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋជួយគាស់យកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ រីឯរថយន្តកុងតឺន័រក្រោយពេលកើតហេតុភ្លាមបានបន្តដំណើរទៅមុខបានចម្ងាយ៥០០ម៉ែត្រ ទើបសមត្ថកិច្ចឃាត់នាំយកមកកន្លែងកើតហេតុវិញ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចចុះទៅវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖