ខេត្តព្រះសីហនុ៖ លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះសាខាពន្ធដារខេត្តព្រះសីហនុប្រមូលថវិកាបានជាង៩៥ប៊ីលានរៀលស្មើនឹងជាង២៣លានដុល្លារអាមេរិក។បើប្រៀបធៀបរយៈពេល៦ខែ ដូចគ្នានឹងដើមឆ្នាំ២០១៩ មានការកើនឡើង៥២%នៃផែនការឆ្នាំ២០២០។ ក្នុងនោះប្រាក់ពន្ធថវិកាជាតិប្រមូលសម្រេចបានជាង៣២ប៊ីលានរៀលស្មើនឹងជាង៨លានដុល្លាអាមេរិក កើនឡើង៨៧%នៃផែនការឆ្នាំ២០២០។
ថវិកាពន្ធថ្នាក់ក្រោមជាតិប្រមូលបានជាង៦៣ប៊ីលានរៀលស្មើជាង១៥លានដុល្លារអាមេរិក បើគិតក្នុងរយៈពេលដូចគ្នាក្នុងដើមឆ្នាំ២០១៩ ថវិកាថ្នាក់ក្រោមជាតិប្រមូលបានមានការកើនឡើង៣៧%។
លោកប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានបន្តឲ្យដឹងបន្ថែមទៀតថាថវិកាពន្ធថ្នាក់ជាតិក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០មានការកើនឡើង៥៦% និងថវិកាពន្ធថ្នាក់ក្រោមជាតិកើនឡើង២៩%។
លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងទៀតថា ប្រាក់ចំណូលបានមកពីការបង់ពន្ធរយៈពេល៦ខែដើមឆ្នាំ២០២០នេះមានដូចជាចំណូលពន្ធលើផ្នែកប្រថាប់ត្រា, ពន្ធលើអចលនទ្រព្យ , ពន្ធលើតម្លៃបន្ថែម,ពន្ធលើមធ្យោបាយដឹកជញ្ជូនជាដើមនិងមានពន្ធផ្សេងៗទៀត ហើយកត្តាដែលធ្វើឱ្យកំណើនពន្ធក្នុងខេត្តព្រះសីហនុមានការកើនឡើងគឺដោយសារប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋមានការយល់ដឹងពីកាតព្វកិច្ចបង់ពន្ធ ។ ម្យ៉ាងទៀត ដោយមានការចង្អុលបង្ហាញពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងការបើកសិក្ខាសាលា វគ្គផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ស្តីពីកាតព្វកិច្ចបង់ពន្ធចូលថវិកាជាតិ ជូនដល់បងប្អូនប្រជាពលរដ្ឋយើង ។
បច្ចុប្បន្នប្រជាពលរដ្ឋកាន់តែមានការយល់ដឹងពីកាតព្វកិច្ចបង់ពន្ធជូនរដ្ឋកាន់តែច្រើន ហើយពួកគាត់បាននាំគ្នាចូលមកបង់ពន្ធនៅតាមស្នាក់ការសាខាពន្ធដារក្រុង ស្រុកនិងតាមធនាគារដែលអគ្គនាយកដ្ឋានពន្ធដារ បានសហការចុះកិច្ចព្រមព្រៀង( MOU) ក្នុងការប្រមូលពន្ធនៅតាមធនាគារ ហើយធនាគារដែលបានចុះកិច្ចព្រមព្រៀងសហការជាមួយពន្ធដារ មានដូចជាធនាគារ អេស៊ីលីដា, ធនាគារកាណាឌីយ៉ា , ធនាគារវឌ្ឍនៈ , ធនាគារកម្ពុជាសាធារណៈ និងធនាគារ ANZ រ៉ូយ៉ាល់ ។
លោក សន ស៊ីផល ប្រធានសាខា ពន្ធដារខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញមកបង់ពន្ធនៅតាមធនាគារណាមួយក៏បានដូចបានរៀបរាប់ខាងលើ ដែលនៅជិតផ្ទះលោកអ្នកកាន់តែមានភាពងាយស្រួលប្រកបដោយតម្លាភាព គណនេយ្យភាព និងការជឿជាក់លើមន្ត្រីបម្រើសេវាដែលនៅរង់ចាំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់ពេល ម៉ោងធ្វើការជៀសវាងឱ្យអ្នកផ្សេងមកបង់ជំនួសនាំឱ្យខាតពេលនិងខាតបង់ថវិកាថែមទៀតផង ។
លោកប្រធានសាខាពន្ធដារបានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា តាមការព្យាករក្នុងឆ្នាំ២០២០នេះ សាខាពន្ធដារខេត្តព្រះសីហនុ អាចប្រមូលចំណូលប្រាក់ពន្ធជូនជាតិបានគ្រប់ទៅតាមផែនការប្រចាំឆ្នាំ បើទោះបីជាពិភពលោកកំពុងជួបនឹងវិបត្តិជំងឺកូវីដ-១៩យ៉ាងណាក្ដី៕ដោយ៖ ឆ្លាម សមុទ្រ