កីឡាអន្តរជាតិ៖ អ្នករៀបចំការប្រកួតកីឡាស្នូកឃ័រពិភពលោកបានបញ្ជាក់កាលពីថ្ងៃពុធថាព្រឹត្តិការណ៍កីឡាស្នូកឃ័រពិភពលោកដែលនឹងប្រារព្ធធ្វើនៅទីក្រុងSheffield ប្រទេសអង់គ្លេសនឹងក្លាយជាព្រឹត្តិការណ៍សាកល្បងមួយដែលអនុញ្ញាតឱ្យមានការចូលរួមពីអ្នកទស្សនាក្នុងការប្រកួតផ្ទាល់។
កាលពីថ្ងៃសុក្រសប្តាហ៍មុនរដ្ឋាភិបាលអង់គ្លេសបានប្រកាសថាព្រឹត្តិការណ៍កីឡាមួយចំនួនតូចនឹងត្រូវបានប្រកួតដើម្បីសាកល្បងការវិលត្រឡប់របស់អ្នកទស្សនា ដោយសុវត្ថិភាពដោយអាចធ្វើនៅចុងខែកក្កដា និងដើមខែសីហា។ អ្នកគាំទ្រអាចវិលត្រឡប់ទៅកីឡដ្ឋាននានាក្នុងប្រទេសអង់គ្លេសវិញក្នុងខែតុលាប្រសិនបើព្រឹត្តិការណ៍សាកល្បងដំណើរការល្អ និងមិនមានការរីករាលដាលនៃជំងឺកូវីដ-១៩។
ព្រឹត្តិការណ៍កីឡាស្នូកឃ័រពិភពលោកដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១៦ ខែសីហានៅឯមហោស្រព Crucible ក្នុងទីក្រុង Sheffield នឹងស្វាគមន៍មនុស្សជាច្រើនដែលនឹងចូលរួមទស្សនានៅគ្រប់វគ្គទាំងអស់នៃការប្រកួត។
ក្នុងនាមជាព្រឹត្តិការណ៍កីឡាក្នុងផ្ទះតែមួយគត់ដែលត្រូវបានជ្រើសរើសសម្រាប់គម្រោងសាកល្បងនេះប្រធានរៀបចំព្រឹត្តិការណ៍កីឡាស្នូកឃ័រពិភពលោកជឿថា “គម្រោងនេះបង្ហាញពីទំនុកចិត្តរបស់រដ្ឋាភិបាលទៅលើកីឡាស្នូកឃ័រនិងសមត្ថភាពរបស់យើងក្នុងការស្វាគមន៍អ្នកគាំទ្រដោយសុវត្ថិភាពនៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំបំផុតមួយនៅលើពិភពលោកនេះ” ។
ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះនឹងមានការចូលរួមពីម្ចាស់ការពារតំណែងជើងឯក Judd Trump, Ding Junhui ក៏ដូចជាកំពូលតារាស្នូកឃ័រល្បីៗដូចជា Ronnie O’Sullivan, Mark Selby, Neil Robertson និង John Higgins ផងដែរ ៕ដោយ៖ភារៈ