ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញត្រួតពិនិត្យកម្លាំងអន្តរាគមន៍មកពីបណ្តាអធិការខណ្ឌទាំង១៤ ចំនួន៤២០នាក់ កម្លាំងអន្តរាគមន៍នៃការិយាល័យចរាចរណ៍ផ្លូវគោកចំនួន៥០នាក់ និងកម្លាំងអន្តរាគមន៍ចំនួន១៥០នាក់ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកអធិការនគរបាលខណ្ឌទាំង១៤ សរុបកម្លាំងទាំងអស់ចំនួន ៦៥២នាក់ ។ ការជួបជុំនេះដេីម្បីផ្តល់ជូន អាវពន្លឺចំនួន ១,០០០ អាវ ភ្លេីងបំភ្លឺបំពាក់លេីស្មាចំនួន ៥០០ ដែលជាអំណោយឧបត្ថម្ភរបស់មិត្តចិន និងឈុតសម្លៀកបំពាក់អន្តរាគមន៍ចំនួន ៤៧០ឈុត ដេីម្បីចែកជូនក្រុមអន្តរាគមន៍ក្នុងមួយខណ្ឌទទួលបានចំនួន ៣០ឈុតសម្រាប់៣០នាក់ ។
ក្នុងឱកាសនោះដែរ លោកឧត្តមស្នងការមានមតិណែនាំល្អៗជាច្រេីនដល់កម្លាំងទាំងអស់ ដូចជា ៖
ទី១. ក្នុងនាមជាកងកម្លាំងត្រូវតែគោរពវិន័យ មានសីលធម៌ មានអាកប្បកិរិយា និងប្រេីប្រាស់សំដីសមរម្យជាមួយប្រជាពលរដ្ឋ ។
ទី២. ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដេីម្បីជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ ។
ទី៣. តាមបណ្តាខណ្ឌទាំងអស់ត្រូវតែបន្តតាមដាន និងចុះត្រួតពិនិត្យឲ្យបានជាប្រចាំ តាមបណ្តាក្លឹបកំសាន្ត ខារ៉ាអូខេ ទាំងអស់ត្រូវតែកែសម្រួលទៅជាភោជនីយ៍ដ្ឋាន ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីប្រកាសណែនាំរបស់សាលារាជធានីភ្នំពេញ ។
ទី៤. កងកម្លាំងទាំងអស់ត្រូវចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ដោយពាក់ម៉ាស់ជាប្រចាំ និងលាងដៃជាមួយសាប៊ូ ឬទឹកអាល់ឲ្យបានញឹកញាប់ ។
ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការបានណែនាំដល់លោក លោកស្រីស្នងការរង អធិការខណ្ឌទាំង១៤ ត្រូវតែត្រួតពិនិត្យ និងគ្រប់គ្រងកម្លាំងអន្តរាគមន៍ឲ្យបានល្អ ដោយមានការហ្វឹកហាត់ជាប្រចាំ មានការប្រជុំជួរត្រួតពិនិត្យការស្លៀកពាក់ និងសម្ភារ:ប្រេីប្រាស់ផ្សេងៗទៀត ។ ម្យ៉ាងវិញទៀតក្នុងនាមជាកម្លាំងអន្តរាគមន៍ត្រូវតែប្រចាំការ ២៤ម៉លេី២៤ម៉ ចេញល្បាតជាប្រចាំ ដេីម្បីធានាការពារសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ជាពិសេសការពារថ្នាក់ដឹកនាំ គណ:ប្រតិភូជាតិ និងអន្តរជាតិ ។ ល ។
ដោយ៖សិលា