ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាឡើងលើផ្ទះតាមកាំជណ្ដើររអិលជើងធ្លាក់មកដីស្លាប់ទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសវ័យចំណាស់ម្នាក់សង្ស័យស្រវឹងស្រាខ្លាំងឡើងតាមជណ្ដើរទៅលើផ្ទះស្រាប់តែរអិលជើងធ្លាក់មកដីបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារជួយសង្គ្រោះ តែជាអកុសលហួសពេលទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅភូមិស្វាយក្អែ ឃុំតាសួស ស្រុកសា្វយជ្រំ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសខាងលើនេះមានឈ្មោះឡោ សារឹត អាយុ៥០ឆាំ្ន មុខរបរកសិកររស់នៅភូមិស្វាយក្អែ ឃុំតាសួស ស្រុកសា្វយជ្រំ ខេត្តស្វាយរៀង។

តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញស្រុកនិង គ្រូពេទ្យបង្អែកស្រុកគឺជនរងគ្រោះពិតជាស្លាប់ដោយរអិលជើងធ្លាក់ពីលើកាំជណ្ដើរប្រាកដមែនមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាឪពុករបស់ខ្លួនមុនកើតហេតុគឺផឹកស្រាស្រវឹងពីផ្ទះមិត្តភក្តិ ខណៈត្រលប់មកវិញស្រាប់តែឮសូរសំឡេងប្រាវហើយស្រែកអូយៗទើបនាំគ្នាចេញមកមើលស្រាប់តែឃើញដេកដួលលើដីក៏ប្រញាប់ប្រញាល់លើកមកជួយសង្គ្រោះ ប៉ុន្តែយឹតពេលទៅហើយ។

សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ជូនបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងសោកសង្រេងបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖