ព័ត៌មានទាន់ហេតុការណ៍៖

គណបក្ស ​Baath របស់ប្រធានាធិបតីស៊ីរី ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសភា

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី​២១ខែកក្កដា គណៈកម្មាធិការរៀបចំការបោះឆ្នោតស៊ីរី បានប្រកាសឲ្យដឹងថា គណបក្ស​Baath កាន់អំណាច ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅក្នុងសភា ក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៩​ខែកក្កដា ។
តាមការលើកឡើងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត​ គណបក្ស​ Baath របស់ប្រធានាធិបតី បាសា អាល់អាសាដ​ទទួលបានការគាំទ្រដល់ទៅ​១៧៧កៅអីក្នុងសភាដែលមាន ២៥០កៅអី​។ នេះជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងសភា ជាលើកទី៣ចាប់តាំងពីសង្គ្រាមស៊ីវីលផ្ទុះឡើងនៅឆ្នាំ​២០១១។
ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតស៊ីរី លោក​Samer Zamreeq បានឲ្យដឹងថា ចំនួនពលរដ្ឋទៅបោះឆ្នោតលើកនេះ​ មានតែ​៣៣ភាគរយប៉ុណ្ណោះ​គឺថយចុះយ៉ាងខ្លាំង​បើប្រៀបធៀបនិឹងឆ្នាំ​២០១៦ ដែលមានដល់ទៅ​៥៧ភាគរយ។
ការបោះឆ្នោតឆ្នាំនេះកើតឡើង​ក្នុងពេលដែលរដ្ឋាភិបាលទីក្រុង ដាម៉ាកាស ទួលបានការគ្រប់គ្រងតំបន់ជាច្រើនពីដៃក្រុមឧទ្ទាម​។​ ប៉ុន្តែប្រទេសតំបន់មជ្ឈិមបូព៌ា​មួយនេះ នៅតែប្រឈមមុខនិឹងបញ្ហាសេដ្ឋកិច្ច​ សន្តិសុខដដែល មួយផ្នែកគឺដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ​-១៩​។
ក្រោយការបោះឆ្នោតសភានៅឆ្នាំ​២០២១ ការបោះឆ្នោតប្រធានាធិបតីស៊ីរី​នឹងត្រូវបានធ្វើឡើង​ ហើយបេក្ខភាពប្រធានាធិបតី គឺចាំបាច់ត្រូវតែមានការទទួលស្គាល់គាំទ្រពីតំណាងរាស្ត្រយ៉ាងតិច​៣៥រូបទើបមានសិទ្ធិក្នុងការប្រជែងតំណែងប្រធានាធិបតី៕ដោយ៖ធី រីណា


ចែករំលែក៖