ភ្នំពេញ៖ មន្ដ្រីយោធាដែលមានគណនី Facebook ឈ្មោះ «Hong Loeung» បានបង្ហោះសារយ៉ាងដូច្នេះថា «ខ្ញុំ លឿង ហុង សូមស្បថថា ថ្ងៃក្រោយ និងឈប់ទិញឡានអត់ពន្ធជិះទៀតហើយ ឡាននេះពីរថ្ងៃទៀតគឺមួយឆ្នាំគត់ត្រូវចាប់។ ឡាននេះជិះបានតែជិតមួយខែត្រូវចាប់ ឥឡូវត្រូវបង់ពន្ធ ១០០ភាគរយ និងប្រាក់ពិន័យ១០ភាគរយ ស្មើនឹង១០២,៣០៣ដុល្លារ»។
មន្ដ្រីយោធារូបនេះ បានឲ្យដឹងថា ការបង្ហោះសាររបស់លោក គឺគ្រាន់តែចង់ដាស់តឿនអ្នកផ្សេងៗទៀត ដើម្បីកុំយកគំរូតាមខ្លួន ពោលត្រូវជិះរថយន្ដ ដែលមានពន្ធត្រឹមត្រូវ ទើបមិនត្រូវការពិន័យនាំឲ្យខាតបង់លុយកាក។ លោកថា រថយន្ដនោះខ្លួនទិញក្នុងតម្លៃជាង៦ម៉ឺនដុល្លារ ប៉ុន្ដែនៅពេលគយ ត្រូវឲ្យបង់ប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារបន្ថែមទៀត ទើបត្រឹមត្រូវតាមច្បាប់ ដូច្នេះរថយន្ដឡើងតម្លៃរហូតដល់ជាង១៦ម៉ឺនដុល្លារ។
សូមបញ្ជាក់ថា៖កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា រថយន្ត និងទំនិញគេចពន្ធ ដែលខ្លួនបានរឹបអូសនោះ នឹងត្រូវដាក់លក់ប្រសិនបើម្ចាស់មិនចូលខ្លួនដោះស្រាយទេនោះ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទុករយៈពេល៦០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ ឲ្យម្ចាស់រថយន្ត និងទំនិញគេចពន្ធចូលខ្លួនទៅដោះស្រាយ។
ម្ចាស់រថយន្ដអត់ពន្ធនាំចូល ដែលត្រូវមន្ដ្រីគយចាប់នាពេលកន្លងទៅ ត្រូវអគ្គនាយកដ្ឋានគយ ចេញលិខិតអញ្ជើញមួយដាច់ដោយឡែក ដើម្បីឲ្យចូលខ្លួនមកបង់ពន្ធនាំចូល និងប្រាក់ពិន័យ១០ភាគរយ ទើបបំពេញភាពស្របច្បាប់ត្រឹមត្រូវ។
ក្រោយទទួលបានលិខិតអញ្ជើញ និងបង្ហាញអំពីប្រាក់ពិន័យចំពោះរថយន្ដអត់ពន្ធម៉ាក Lexus-570 ឆ្នាំ២០១៥ មន្ដ្រីយោធាម្នាក់ ដែលត្រូវមន្ដ្រីគយចាប់រថយន្ដអត់ពន្ធរបស់ខ្លួន កាលពីអំឡុងឆ្នាំ២០១៩នោះ បានបង្ហោះសារស្បថឈប់ជិះរថយន្ដអត់ពន្ធ ក្រោយបានឃើញទឹកប្រាក់ដែលត្រូវឲ្យបង់ ប្រមាណជាង១០ម៉ឺនដុល្លារ ក្នុងនោះប្រាក់ពិន័យ១០ភាគរយ៕
ដោយ៖សិលា