ខេត្តព្រះសីហនុ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីអ្នកបើកបររថយន្តមួយគ្រឿងម៉ាកតូយ៉ូតា តាកូម៉ាមិនប្រយ័ត្នក៏ជ្រុលមកបុករះរុឺម៉កលក់ផាក់ឡូវ លក់សាច់ទាអាំង និងមាន់ឬគ្រួចអាំងជាដើម ហើយរថយន្តមិនទាន់អស់ល្បឿនបន្តទៅបុកបង្គោលភ្លើងមួយដើមទៀតបណ្ដាលឲ្យរងខូចខាតយ៉ាងដំណំ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២០នេះ ស្ថិតនៅកែងផ្លូវចូលទៅផ្សារលើ ម្តុំមុកអូគីណាវ៉ា ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បើតាមប្រភពព័ត៌មានពី អ្នកឃើញហេតុការណ៍នេះ បានឲ្យដឹងថា មូលហេតុបណ្ដាលមកពីអ្នកបើកបរជាប់ហ្គែរច្រឡំ ក៏ជ្រុលទៅបុករះរ៉ឺម៉ក់លក់សាច់អាំងខ្ទេចអស់ជាច្រើន ។ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែសំណាងល្អមនុស្ស២ទៅ៣នាក់ដែលជាអ្នកលក់តាមរុឺម៉កទាំងអស់នេះរត់ចេញទាន់ មិនមានគ្រោះថ្នាក់អ្វីឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ភា្លមៗ រួចឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាតាមនីតិវិធី៕
ដោយ៖ឆ្លាមសមុទ្រ