ខេត្តរតនគិរី៖ ពស់ថ្លាន់មួយក្បាលលូនចូលផ្ទះអ្នកភូមិរកស៊ីមាន់ត្រូវប្រជាពលរដ្ឋប្រទះឃើញទាន់ក៏ចាប់ប្រគល់ឱ្យមន្ត្រីបរិស្ថានយកទៅលែងនៅក្នុងឧទ្យានជាតិ។
ការប្រទះឃើញពស់ថ្លាន់មួយក្បាលទម្ងន់១០គីឡូក្រាមហើយចាប់បានប្រគល់ឱ្យមន្ត្រីបរិស្ថាននោះនៅព្រឹកថ្ងៃទី២៤ខែ កក្កដាឆ្នាំ២០២០ចំណុចផ្ទះរបស់លោកកែវសាង ស្ថិតនៅភូមិជ្រី សង្កាត់ យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។
ហើយគាត់បានយកទៅប្រគល់ឱ្យខាងមន្ត្រីបរិស្ថានដើម្បីយកទៅលែងនៅក្នុងព្រៃឧទ្យានជាតិតាមរយៈលោក ផុនស៊ូខុន អនុប្រធានការិយាល័យ ឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី។
លោកកែវសាង បានឱ្យដឹងថាគាត់ចាប់បានពស់ថ្លាន់ចំនួន២ក្បាលហើយ មួយក្បាលមានទម្ងន់៥គីឡូក្រាមប៉ុន្តែគាត់មិនបានប្រគល់ឱ្យមន្ទីរបរិស្ថានទេគាត់យកទៅលែងនៅបឹងយក្ខឡោម តែលើកនេះគាត់ចាប់បានពស់មួយក្បាលទៀតទម្ងន់១០ គីឡូក្រាមគាត់ថាបើយកទៅលែងនៅបឹងយក្ខឡោមទៀតខ្លាចវាលូនមកស៊ីមាន់បន្តទៀត ដូច្នេះលោកក៏សម្រេចចិត្តយកប្រគល់ឱ្យដល់មន្ត្រី ឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តនេះតែម្តងដើម្បីយកទៅលែងនៅកន្លែងព្រៃឧទ្យានជាតិ។
លោកកែវសាង ជាប្រជាពលរដ្ឋម្នាក់រស់នៅខេត្តរតនគិរី មិនដែលប៉ះពាល់សត្វព្រៃឬសត្វណាដែលច្បាប់ហាមឃាត់មិនឱ្យបរិភោគឡើយព្រោះគាត់នឹកឃើញថាសត្វទាំងនេះគឺជាសត្វកម្របានឃើញហេតុដូចនេះបានជាគាត់មិនដែលបរិភោគសត្វព្រៃនិងសត្វកម្រនោះទេ។
លោកគិតថាទុកឱ្យខាងដែនឧទ្យានជាតិដែនជម្រកសត្វព្រៃយកទៅអភិរក្សដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានឃើញផង៕
ដោយ ៖ជីវ័ន្ត