កីឡាអន្តរជាតិ៖ ក្លឹបមានមូលដ្ឋាននៅប្រទេសម៉ិចស៊ីកូបានប្រកាសថា អតីតខ្សែបម្រើសញ្ជាតិអេស្ប៉ាញរបស់ក្លឹប Real Madrid លោក Michel បានលាឈប់ពីតំណែងជាគ្រូបង្វឹកក្រុម Pumas ដោយសារហេតុផលផ្ទាល់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃសៅរ៍ ទី២៥ កក្កដានេះ។
ក្លឹប Pumas នៅលីគកំពូលម៉ិចស៊ីកូ Liga MX បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អតីតកីឡាករវ័យ៥៧ឆ្នាំរូបនេះនឹងត្រូវបានជំនួសដោយជំនួយការរបស់លោកសញ្ជាតិអាហ្សង់ទីនលោក Andres Lilliniដើម្បីដឹកនាំធ្វើជាគ្រូបង្វឹករបស់ក្លឹបបន្តទៀត។
នៅក្នុងវីដេអូដែលផ្សាយដោយក្លឹប Pumas លោក Michel បាននិយាយថា “វាជាការសោកស្តាយយ៉ាងខ្លាំងដែលខ្ញុំបានសំរេចចិត្តចាកចេញពីក្លឹប Pumas ដោយហេតុផលផ្ទាល់ខ្លួន និងគ្រួសារ។
ខ្ញុំចង់អរគុណដល់ក្រុមប្រឹក្សាភិបាល, កីឡាករ និងបុគ្គលិកទាំងអស់នៃក្លឹបនេះចំពោះឱកាសដែលពួកគេបានធ្វើចំពោះខ្ញុំ និងធ្វើឱ្យខ្ញុំមានអារម្មណ៍ថានៅជាមួយក្លឹបដូចជាផ្ទះរបស់ខ្ញុំ” ។
សូមបញ្ជាក់ថា រដូវកាលលីគកំពូលម៉ិចស៊ីកូ Liga MX ត្រូវបានលុបចោលកាលពីខែឧសភា ពោលគឺ២ខែបន្ទាប់ពីបាល់ទាត់ត្រូវបានផ្អាកនៅម៉ិចសុីកូដោយសារតែជំងឺឆ្លងកូវីដ-១៩។
ក្រុម Pumas នឹងលេងការប្រកួតដំបូងរបស់ពួកគេនៃរដូវកាលថ្មីនៃលីគកំពូលម៉ិចស៊ីកូ Liga MX ដោយនឹងត្រូវទទួលក្រុមភ្ញៀវ Queretaro នៅថ្ងៃអាទិត្យ។
គួររំលឹកថា លោក Michel ធ្លាប់ប្រកបអាជីពជាគ្រូបង្វឹកនៅក្លឹប Sevilla, Marseille, Malaga, Olympiacos, Getafe និង Rayo Vallecano រួចបានចូលរួមជាមួយក្លឹប Pumas លើកិច្ចសន្យារយៈពេល២ឆ្នាំនៅខែឧសភាឆ្នាំ២០១៩។ ក្នុងនាមជាអតីតកីឡាករម្នាក់លោក Michel ធ្លាប់លេងឲ្យក្លឹបអធិរាជស Real Madrid ចំនួន៤០៤ប្រកួត និងស៊ុតបញ្ចូលទីបាន៩៧គ្រាប់នៅចន្លោះឆ្នាំ១៩៨២ និងឆ្នាំ១៩៩៦។ គាត់ត្រូវបានចូលរួមជាមួយក្រុមជម្រើសជាតិអេស្ប៉ាញដោយបង្ហាញខ្លួនបានចំនួន៦៦ដង និងធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup ឆ្នាំ១៩៨៦ និង១៩៩០ផងដែរ ៕ដោយ៖ភារៈ