ព័ត៌មានទាន់ហេតុការណ៍៖

ទាហានស៊ីរី ២នាក់រងរបួស ក្រោយយោធាអ៉ីស្រាអែលប្រើឧទ្ធម្ភាគចក្រ វាយប្រហារទៅលើមូលដ្ឋានទ័ពស៊ីរី

ចែករំលែក៖

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA ចេញផ្សាយថាឧទ្ធម្ភាគចក្រយោធាអ៉ីស្រាអែល បានធ្វើការបាញ់រះទៅលើទីតាំងយោធាមួយចំនួន នៅក្នុងខេត្ត Quneitra របស់ប្រទេសស៊ីរី និងបានបង្កឲ្យទាហានស៊ីរី ០២នាក់រងរបួស។

ការវាយប្រហារ ទៅលើមូលដ្ឋានទ័ពស៊ីរីខាងលើនេះ បានកើឡើងកាលពីយប់ថ្ងៃសុក្រទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងខេត្តគូនៃត្រា(Quneitra) ភាគខាងត្បូងប្រទេសដែលស្ថិតនៅក្បែរតំបន់ខ្ពង់រាប ហ្គោឡេន ហេក (Golan Heights) ដែលអ៉ីស្រាអែលកំពុងគ្រប់គ្រង។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដាឆ្នាំ២០២០។

សូមជម្រាបថា ប្រព័ន្ធការពារដែនអាកាសស៊ីរី ក៏ត្រូវបានដាក់ពង្រាយ នៅក្នុងខេត្ត Quneitra ខាងលើនេះដែរ ប៉ុន្តែគ្មានព័ត៌មានណាបានបញ្ជាក់ អំពីគោលដៅនេះឡើយ។ ព្រោះកន្លងមកអ៉ីស្រាអែលតែងតែធ្វើការវាយប្រហារទៅលើមូលដ្ឋានយោធានានា នៅក្នុងទឹកដីស៊ីរីដែលអ៉ីស្រាអែល បានអះអាងថា ជាកន្លែងលាក់ខ្លួននៃកងជីវពលអ៉ីរ៉ង់ នៅក្នុងសង្គ្រាមដែលបានអូសបន្លាយជាង ៩ឆ្នាំមកហើយនេះ៕ដោយ៖ស តារា


ចែករំលែក៖