អន្តរជាតិ៖ ឡាវ គឺជាប្រទេសមួយដែលមានករណីឆ្លង COVID-19 ទាបជាងគេនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ ។ ប៉ុន្តែមួយរយៈពេលជាង៣ខែកន្លងទៅនេះ ក្រសួងសុខាភិបាលឡាវ នៅថ្ងៃទី២៤ ខែកក្កដាម្សិលមិញនេះ បានរាយការណ៍ថាមានករណីឆ្លង COVID-19 ថ្មីម្នាក់ គឺជាបុរសកូរ៉េខាងត្បូង ។
បើតាមក្រសួងសុខាភិបាលឡាវ បានបញ្ជាក់ថា ករណីឆ្លងថ្មីនេះ គឺជាបុរសកូរ៉េខាងត្បូង ដែលជាបុគ្គលិកគម្រោងទំនប់វារីអគ្គិសនីក្នុងប្រទេសឡាវ អាយុ៣២ឆ្នាំ បានធ្វើដំណើរពីប្រទេស ជប៉ុន ហើយប្ដូរជើងហោះហើរនៅកូរ៉េខាងត្បូង នៅថ្ងៃទី ១៨ ខែកក្កដាថ្មីៗនេះ ហើយទៅដល់ឡាវ នៅថ្ងៃដដែល។នេះគឺករណីឆ្លងទី២០របស់ប្រទេសឡាវផងដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ បុរសខាងលើ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កក្នុងទីក្រុង វៀងចន្ទន៍ ដោយជិះឡានជាមួយអ្នកដំណើរ៦នាក់ទៀត។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua អ្នកជំងឺកូរ៉េខាងត្បូងនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយដែលរដ្ឋរៀបចំ ។
បើគិតត្រឹមថ្ងៃទី ២៤ ខែកក្កដា ករណីសង្ស័យ ២៤ ៤៧៩ ត្រូវបានធ្វើតេស្តរក COVID-19 ក្នុងប្រទេស។ ហើយក្នុងចំណោមករណីវិជ្ជមានសរុប ២០នាក់ មនុស្ស១៩នាក់បានជាសះស្បើយពីជំងឺ COVID-19 ៕ដោយ៖សតារា