ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តប៉ៃលិនឧបត្ថម្ភស្បៀងដល់ប្រជាពលរដ្ឋទីទាល់ក្រ នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅសាលាឃុំស្ទឹងកាច់ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនអមដំណើរដោយលោកស្រី ជា លាភ អភិបាលរងខេត្តនិងថ្នាក់ដឹកនាំមន្ទីរជំនាញស្ថាប័នជុំវិញខេត្តព្រមទាំងក្រុមការងារបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខនិងឧបត្ថម្ភស្បៀងដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៦៤គ្រួសារ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងឱកាសនោះលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នលើគ្រប់វិស័យព្រមទាំងបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ហើយជាក់ស្តែងក្នុងវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ ដែលមានបញ្ហាសេដ្ឋកិច្ចគ្រួសារ ដោយផ្តល់ប័ណ្ណសមធម៌ជូនពួកគាត់ បន្ទាប់ពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដោយសុក្រឹត និងយុត្តិធម៌។

លោកអភិបាលខេត្ត ក៏បានមានប្រសាសន៍ជំរុញឱ្យ ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំដាំដុះបន្លែបង្ការជុំវិញផ្ទះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ បានមួយកម្រិតបន្ថែមទៀត ព្រោះអីបងប្អូនមិនអាចចេញទៅធ្វើការងារប្រកបមុខរបរផ្សេងៗឆ្ងាយពីផ្ទះឬក្រៅខេត្តនោះទេ ដោយសារជំងឺកូវីដ-១៩។ នាឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល  ក៏បានមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ កុំធ្វេសប្រហែសឲ្យសោះនូវជំងឺឆ្លងកូវីដ-១៩នេះគឺយើងត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយត្រូវរស់នៅមានអនាម័យជាប្រចាំលាងដៃនឹងសាប៊ូឬអាល់កុលឲ្យបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ឬប្រើប្រាស់កន្សែងនៅពេលចេញទៅខាងក្រៅហើយប្រសិនបើមានសាច់ញាតិទើបត្រឡប់មកពីក្រៅប្រទេសត្រូវធ្វើការពន្យល់និងអប់រំពួកគាត់ព្រមទាំងដាក់ខ្លួននៅដាច់ដោយឡែករយ:ពេល១៤ថ្ងៃសិនចាំចូលមកស្និតស្នាលជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩នៅសហគមន៍ហើយបើមានអាការៈសង្ស័យណាមួយត្រូវប្រញាប់មកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកលេខ ១១៥។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទីទាល់ក្រ ក្នុងឃុំស្ទឹងកាច់ដែលបានមកទទួលអំណោយស្បៀងអាហារពីអាជ្ញាធរខេត្តមានចំនួន៦៤គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន៖ អង្ករ ៣០គីឡូក្រាម និងឃីត ១កញ្ចប់ (ទឹកត្រី ត្រីខ និងប៊ីចេង)៕

ដោយ÷ ស សារ៉េត


ចែករំលែក៖