ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ១គ្រឿងខណៈម្ចាស់ចាក់សាំងរួចក៏ដេបញ្ឆេះស្រាប់តែឆ្លងចរន្តបង្កជាអណ្ដាតភ្លើងឆាបឆេះប៉ុន្តែសំណាងល្អពន្លត់ទាន់

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿង ខណៈ ដែលម្ចាស់ចូលទៅចាក់សាំងនៅក្នុងស្ថានីយប្រេងឥន្ធនៈតេលាមួយកន្លែងរួចរាល់ហើយក៏បានដេបញ្ឆេះដើម្បីបន្តដំណើរទៅមុខទៀត ស្រាប់តែឆ្លងចរន្តបង្កជាអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងភ័យព្រលឹងចុងសក់គ្រប់ៗគ្នាតែម្ដង ។ប៉ុន្តែជាសំណាងល្អត្រូវបានពន្លត់ទាន់ពេល មិនបណ្ដាលឲ្យឆាបឆេះដល់កន្លែងស្តុកប្រេងនៅក្នុងស្ថានីយនោះទេ ហើយក៏មិនបណ្ដាលឲ្យមានអ្នករងគ្រោះនោះដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងស្ថានីយប្រេងឥន្ធនៈតេលា តាមផ្លូវវ៉េងស្រេង កែងនឹងផ្លូវទួលពង្រ ក្នុងភូមិត្រពាំងថ្លឹង  សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសមិនស្គាល់ឈ្មោះម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅចូលទៅចាក់សាំងនៅក្នុងស្ថានីយប្រេងឥន្ធនៈតេលាកន្លែងកើតហេតុនោះ ហើយពេលទៅដល់បុរសខាងលើបានពន្លត់ម៉ាសុីនម៉ូតូត្រឹមត្រូវ។លុះពេលចាក់សាំងនិងឲ្យលុយទៅអ្នកលក់សាំងរួចរាល់ បុរសនេះក៏បានដេបញ្ឆេះម៉ូតូដើម្បីបន្តដំណើរទៅមុខទៀត ស្រាប់តែឆ្លងចរន្តបង្កជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមៗនោះបុគ្គលិកនៅស្ថានីយប្រេងឥន្ធនៈនេះព្រមទាំងប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់រហូតរលត់ទៅវិញទាំងស្រុង។បន្ទាប់មកបុរសដែលជាម្ចាស់ម៉ូតូបានអូសយកម៉ូតូនោះចេញពីកន្លែងកើតហេតុដើម្បីយកទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង៕សុខា សែនជ័យ​


ចែករំលែក៖