ភ្នំពេញ ៖ ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរ និងចូលរួមដឹកនាំសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបក្រុមមុខសញ្ញាជនជាតិកូរ៉េ(ខាងត្បូង) ជួញដូរគ្រឿងញៀនឆ្លងដែនពីកម្ពុជាទៅកូរ៉េ នៅចំណុចមុខអាផាតមិនវីសឌឹម(WISDOM APARTMENT) អគារលេខ១៦ ផ្លូវលេខ៤៤៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ រួចបន្តទៅឆែកឆេរបន្ទប់3D ក្នុងអាផាតមិន WISDOM APARTMENT និងបន្ទប់លេខ F1 E12 ជាន់ទី១២ អាផាតមិន DIAMOND HOME1 ដែលបានជួលស្នាក់នៅ ហើយជាលទ្ធផល៖
ក-ចាប់ខ្លួនជនសង្ស័យ ២នាក់ គឺ៖
ទី១-ឈ្មោះ SONG MIN SOO ភេទប្រុស កើតនៅឆ្នាំ១៩៦១ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M717071112 “មានដីកាស្វែងរកចាប់ខ្លួនរបស់នគរបាលអន្តរជាតិ(និវេទន៍ក្រហម)”។
ទី២-ឈ្មោះ CHOI MIN YOUNG ជនជាតិកូរ៉េ ភេទប្រុស កើតនៅឆ្នាំ១៩៧០។
ខ-ចាប់យកវត្ថុតាងសារធាតុញៀនមាន៖
១-ប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ជាង ១៣៨៩.៥៣ក្រាម, ២-រថយន្ត ១គ្រឿង, ៣-ទូរស័ព្ទ៣គ្រឿង, ៤-ជញ្ជីងថ្លឹង២គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់ និងលាក់បង្កប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នសង័្សយ ព្រមទាំងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានបញ្ជូនមកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕ស សម