ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនីហ្វេសបុកឈ្មោះជាភាសាចិនមួយ ដែលបានយករឿងមិនពិតតាំងពីឆ្នាំ ២០១៩ មកផុស ក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច
បន្ទាប់ពីទទួលបានព័ត៌មាន ដែលគណនីហ្វេសបុកឈ្មោះជាអក្សរចិនបានចុះផ្សាយថាមានមន្ត្រីចរាចរណ៍ម្នាក់ជំរិតទាលុយពីគាត់នៅគោលដៅរង្វង់មូលចោមចៅ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការស្រាវជ្រាវលេីករណីនេះ ព្រមទាំងបានហៅមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាល ០១រូប ដែលឈរជើង នៅគោលដៅនោះ មកធើ្វការសាកសួរបំភ្លឺ ដោយទទួលបានលទ្ធផលដូចតទៅ៖ យោងតាមរបាយការណ៍ របស់ផ្នែកអន្តរាគមន៍ និងការបំភ្លឺរបស់មន្រ្តីទាំងពីរនាក់នោះ ជាមួយក្រុមការងារអនុវត្តវិន័យរបស់ការិយាល័យបានបញ្ជាក់ថា ការបង្ហោះក្នុងគណនីហ្វេសបុកដែលចោទប្រកាន់ថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៣រសៀល មានមន្រ្តីជាប់កិច្ចសន្យាម្នាក់ឈ្មោះ ហេង ម៉េងហ៊ុន ឈរជើងនៅគោលដៅរង្វង់មូលចោមចៅ បានហៅឡានគាត់ត្រួតពិនិត្យច្បាប់ចរាចរណ៍ និងបានជំរិតទារប្រាក់ចំនួន $40 និង 30,000 រៀល ពីម្ចាស់រថយន្តនោះ គឺជាព័ត៌មានមិនពិតនោះទេ ។
ប៉ុន្តែគាត់ បានទទួលស្គាល់ថារូបភាពនេះ គឺជារូបរបស់គាត់ពិតប្រាកដមែន កាលពីជាង១ឆ្នាំមុន ដែលពេលនោះ កម្លាំងកំពុងឈរសម្រួលចរាចរណ៍ ដោះស្រាយការកកស្ទះនៅចំណុចរង្វង់មូលចោមចៅ មានអ្នកដំណើរតាមដងផ្លូវបានហុចប្រាក់ចំនួន $20 និងអ្នកផ្សេងទៀតបានអោយ $ 10 ទៅឲ្យលោកអនុសេនីយ៍ទោ អ៊ុំ សត្រា ដើម្បីទិញទឹក និងចំណីហូប ព្រោះឃើញកម្លាំងហត់នឿយខ្លាំងក្នុងការជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ បន្ទាប់មកលោកអនុសេនីយ៍ទោ អ៊ុំ សត្រា ក៏បានប្រគល់ប្រាក់នោះឲ្យទៅលោក ហេង ម៉េងហ៊ុន ជាមន្រ្តីជាប់កិច្ចសន្យា រក្សាទុក ។ ក្នុងករណីនេះ អាចមានជនមិនស្គាល់មុខ លួចថតសកម្មភាព នៅពេលឃើញមន្រ្តីជាប់កិច្ចសន្យារូបនេះ កំពុងតែកាន់លុយនៅនឹងដៃ ដោយមានចេតនាអាក្រក់ដេីម្បីមូលបង្កាច់ និងបង្ខូចកិត្តិយសសមត្ថកិច្ច ៕ដោយ៖សិលា