ភ្នំពេញ៖បុរសម្នាក់សង្ស័យស្រវឹងបានបើករថយន្តមួយគ្រឿងរេចង្កូតជ្រុលទៅបុករះម៉ូតូចំនួន ៣ គ្រឿងរងការខូចខាតរួមទាំងរបួសបុរសម្នាក់ផងដែរ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង ០០ នាទីរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចតាមបណ្ដោយផ្លូវទួលពង្រ (ផ្លូវ ៥០ម៉ែត្រ)ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់រួមទាំងប្រពន្ធនិងកូនបានបើករថយន្តម៉ាកឡិចស៊ីស RX330 មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BD- 4490 បើកបរតាមបណ្ដោយផ្លូវ 50 ម៉ែតក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកន្លែងកើតហេតុបានរេចង្កូតរថយន្តទៅបុករះម៉ូតូចំនួន 3 គ្រឿងនៅនឹងមុខកន្លែងជួសជុលម៉ូតូមួយកន្លែងរងការខូចខាតយ៉ាងដំណំទាំង 3 គ្រឿងទី1.ម៉ូតូម៉ាកហុងដាវ៉េវអាល់ហ្វាមួយគ្រឿង ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1BR-7521, ទី2.ម៉ូតូម៉ាកសង់កូរ៉េពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1A-5884 និងទី3.
ម៉ូតូម៉ាកឃ្លីកពណ៌ខ្មៅលាយទឹកប្រាក់ពាក់ស្លាកលេខរតនគីរី1A-8849 ដួលរងការខូចខាតទាំង3គ្រឿងរួមទាំងត្រូវបុរសម្នាក់រងរបួសស្រាល។
ក្រោយកើតហេតុម្ចាស់រថយន្តដឹងខ្លួនខុសក៏ធ្វើការសម្របសម្រួលព្រមចេញថ្លៃការខូចខាតទៅឲ្យភាគីខាងម្ចាស់ម៉ូតូទាំង 3 គ្រឿងរួមទាំងបុរសម្នាក់រងរបួសផងដែរដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ៖និន សុភ័ស្ត