ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Bill Gates​ នឹងផ្តល់ជំនួយសម្រាប់ផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន២០០លានដូស

ចែករំលែក៖

អន្តរជាតិ៖ ក្រុមហ៊ុនSK Bioscience ដែលជាក្រុមហ៊ុនរបស់កូរ៉េខាងត្បូង​ទទួលបានការគាំទ្រពីមូលនិធិ Bill Gates អាចផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដល់ទៅ​២០០លានដូស នៅក្នុងខែមិថុនា ឆ្នាំ​២០២១ខាងមុខ។​
លោក Bill Gates បានសហការយ៉ាងស្អិតរមួតជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង។ តាមព័ត៌មានពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង​ មហាសេដ្ឋី Bill Gates និង ប្រធានាធិបតីមូន ជេអុីន​ បានជួបពិភាក្សា​គ្នាតាមទូរស័ព្ទកាលពីខែមេសា ឆ្នាំ​២០២០ ស្តីពីកិច្ចសហប្រតិបត្តិការផលិតវ៉ាក់សាំងប្រឆាំង​កូវីដ​-១៩ ។
បច្ចុប្បន្នបណ្តាប្រទេសអភិវឌ្ឍន៍កំពុងតែប្រកួតប្រជែងក្នុងការផលិតវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ។ លោក​Bill Gates បានប្រកាសថា លោកបានវិនិយោគ​ទៅលើបណ្តារោងចក្រជុំវិញពិភពលោក​ក្នុងការផលិតវ៉ាក់សាំង​ប្រឆាំងកូវីដ-១៩ ក្នុងនោះមានទាំងក្រុមហ៊ុនអាមេរិកផងដែរ​។
លោក ​Bill Gates គឺជា​បុគ្គលដែលធ្វើសកម្មភាពមនុស្សធម៌ដ៏ល្បីល្បាញនៅលើពិភពលោក ។ លោកBill Gatesនិងភរិយា​ Melinda Gates បានចំណាយប្រាក់រហូតដល់៣៦ពាន់លានដុល្លារ​ ទៅលើមូលនិធិ Bill and Melinda Gates ​ក្នុងគោលដៅ​បង្កើនការថែទាំសុខភាព​នៅលើពិភពលោក​។ មូលនិធិរបស់មហាសេដ្ឋីទទួលបានការគាំទ្រខ្លាំង​ដោយមានអ្នកបរិច្ចាគជាច្រើនក្នុងមូលនិធិនេះផងដែរ​។
ជាមួយគ្នានេះដែរ ​លោក Bill Gates​បានអំពាវនាវដល់ក្រុមអ្នកផ្តល់ជំនួយ​បន្តសកម្មភាព​បរិច្ចាគប្រាក់របស់ខ្លួនដើម្បីការស្រាវជ្រាវនិងផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩៕ធី រីណា


ចែករំលែក៖