អន្តរជាតិ៖ ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិន ហៅកាត់ថា AVIC បានធ្វើការហោះហើរសាកល្បង នៃយន្តហោះធុនធំប្រភេទ AG600 ដែលអាចចុះចតទាំងលើដី និងផ្ទៃទឹករបស់ចិន បានទទួលជោគជ័យ នៅលើសមុទ្រនៃទីក្រុងឈីងតាវ (Qingdao) ខេត្តសានទុង(Shandong) កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។
តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទទី២៧ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិនបានធ្វើការសាកល្បងយន្ដហោះ AG600 ហោះឡើងពីសមុទ្រ នៃទីក្រុងឈីងតាវ កាលពីវេលាម៉ោង ១០ និង១៨នាទីព្រឹកថ្ងៃអាទិត្យ ខែកក្កដាហើយបានបញ្ចប់ការហោះហើរសាកល្បងប្រហែល ៣១នាទីបន្ទាប់។
ក្រុមហ៊ុន AVIC បន្តទៀតថា ការហោះហើរសាកល្បងនេះ គឺជាជំហានបន្ទាប់ ក្នុងការអភិវឌ្ឍយន្ដហោះប្រភេទនេះ បន្ទាប់ពីធ្លាប់ធ្វើការហោះហើរសាកល្បងកាលពីឆ្នាំ២០១៧ និង២០១៨ រួចមកហើយ។ ក្រៅពីការអភិវឌ្ឍយន្តហោះអាចចុះចត និងហោះឡើងពីផ្ទៃទឹកវិញនេះចិនក៏កំពុងធ្វើតេស្តយន្តហោះដឹកអ្នកដំណើរ ធុនមធ្យមដំបូងរបស់ខ្លួនផងដែរ នោះគឺយន្តហោះC919៕ដោយ៖ស តារា