ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែអាស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តការងារយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០១៥ ២០១៩) និងលើកទិសដៅការងារយុទ្ធសាស្រ្តសម្រាប់រយៈពេល៥ឆ្នាំបន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្ដាល។
នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេច ព្រមទាំងគណៈអធិបតី សន្និបាតរយៈពេល១ថ្ងៃកន្លងមក បានពិនិត្យពិភាក្សា លទ្ធផលនៃការអនុវត្តផែនការសកម្មភាព៥ឆ្នាំ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ បណ្ឌិត្យសភានគរបាលសម្រេចបាន៨០.០៩ភាគរយ ក្នុងនោះដែរការងារបណ្ដះបណ្ដាលសម្រេចបានសម្រេចបាន២០៩វគ្គ ស្មើនឹង២០៩៩៦នាក់ ត្រូវជា៨៦ភាគរយខណៈការងារមួយចំនួនទៀតក៏មានវឌ្ឍនភាពគួរឱ្យកត់សំគាល់ផងដែរ។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យបានបន្ថែមថាសមិទ្ធផលដែលសម្រេចបានទាំងអស់ គឺជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញទិដ្ឋភាព៤ គឺការសម្រេចជោគជ័យតាមកម្មវិធីកំណែទម្រង់ និងផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ, ឆ្លុះបញ្ចាំងឱ្យឃើញថាបណ្ឌិត្យសភា បាន និងកំពុងអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកកម្លាំងនគរបាលជាតិ និងពន្ធនាគារប្រកបដោយចីរភាព, អនុវត្តយ៉ាងសកម្មនូវគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងការពង្រឹកច្ចសហប្រតិបត្តិការអន្តរជាតិ។
លោកក៏បានលើកសំណូមពរមួយចំនួនគោរពជូនសម្ដេចពិនិត្យលទ្ធភាព ផ្ដល់ថវិកាជួសជុល និងដំឡើងកម្ពស់របងព័ទ្ធជុំវិញដោយបាំងស័ង្កសីកម្ពស់១ម៉ែត្រកន្លះ ស្នើសុំថវិកាសម្រាប់សាងសង់ផ្លូវបេតុងបង្ហើយប្រវែង៧៧០ម៉ែត្រក្នុងបរិវេណបណ្ឌិត្យសភា និងស្នើសុំកាត់បន្ថយឱ្យបានជាអតិបរមាក្នុងការចាត់បញ្ជូនមន្រ្តីនគរបាលទៅសិក្សានៅក្រៅប្រទេស ដោយបង្កើនការបញ្ជូនមកសិក្សានៅបណ្ឌិត្យសភានគរបាលវិញ ពីព្រោះបណ្ឌិត្យសភាកាន់តែមានលក្ខណៈសម្បត្តិសមស្របសម្រាប់ការបណ្ដុះបណ្ដាល។
បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានសម្ដែងការកោតសរសើរថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូ និងមន្រ្តីនៃបណ្ឌិត្យសភានគរបាលកម្ពុជាដែលបានរួមគ្នាដឹកនាំ និងបំពេញភារកិច្ចទទួលបានសមិទ្ធផលជាបន្តបន្ទាប់ក្នុងរយៈពេល៥ឆ្នាំ ដូចនាយឧត្តមសេនីយ៍ប្រធានបណ្ឌិត្យសភាបានថ្លែងនៅក្នុងរបាយការណ៍នោះ។
សម្ដេចក្រឡាហោមបានបានចាត់ទុកវឌ្ឍនភាពនៃការងារហេដ្ឋារចនាសម្ព័ន្ធ ការងារអភិវឌ្ឍធនធានមនុស្ស ការបង្កើតនូវឯកសារគាំទ្រការងារដឹកនាំគ្រប់គ្រង និងការបង្ហាត់បង្រៀន ព្រមទាំងសមិទ្ធផលនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់បណ្ឌិត្យសភាន គឺជាសក្ខីភាពបង្ហាញអំពីវឌ្ឍនភាពលើគ្រប់ផ្នែករបស់បណ្ឌិត្យសភា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ដើម្បីប្រែក្លាយស្ថាប័នបណ្ដុះបណ្ដាលមួយនេះ ឱ្យមានលក្ខណសម្បត្តិសមស្របតាមស្ដង់ដាគុណភាពជាតិ និងអន្តរជាតិ។
សម្ដេចបានសម្ដែងការគាំទ្រគោលដៅជាយុទ្ធសាស្រ្តសំខាន់ៗទាំង៣ ទាក់ទងនឹងការពង្រឹងសមត្ថភាពស្ថាប័ន ការលើកកម្ពស់គុណភាពអប់រំ និងការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល ដោយម្ដេចបានចាត់ទុកថាគោលដៅយុទ្ធសាស្រ្តនេះ ឆ្លុះបញ្ចាំងនូវភារកិច្ចស្នូលរបស់បណ្ឌិត្យសភា ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់កងកម្លាំង ប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល និងផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ។
សម្ដេចឧបនាយករដ្ឋមន្រ្តីបានបន្តថា ក្នុងនីតិកាលទី៦នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានបន្តប្ដេជ្ញាចិត្តខ្ពស់ ក្នុងការធានាឱ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ និង សុវត្ថិភាពភូមិ ឃុំ សង្កាត់ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុខក្សេមក្សាន្ត និងមានជីវភាពល្អប្រសើរ ព្រមទាំង ប្ដេជ្ញាការពារឯករាជ្យនិងបូរណភាពទឹកដី មិនឱ្យកងកម្លាំងណាមួយមករំលោភបំពានបានឡើយ។
ផ្អែកលើមូលដ្ឋាននេះ សម្ដេចបានបន្តថា ក្រសួងមហាផ្ទៃបានដាក់ចេញនូវផែនការអភិវឌ្ឍន៍សមត្ថភាពកងកម្លាំងនគរបាលជាតិ ដែលជាកម្លាំងសហការ និងជាកម្លាំងស្នូល តាមរយៈការធ្វើទំនើបកម្មក្នុងរូបភាព២យ៉ាង គឺទី១ ការពង្រឹងសមត្ថភាពអង្គភាពបណ្តុះបណ្តាល ទាំងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈ និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ឱ្យស្របតាមតម្រូវចាំបាច់ និងទី២ គឺការបំពាក់សម្ភារៈឧបករណ៍ទំនើបៗ និងមធ្យោបាយគ្រប់គ្រាន់ សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំងនគរបាលជាតិ។
សម្ដេចក្រឡាហោមបានបន្តមានប្រសាសន៍ក្នុងន័យដើមថា «ដូចយើងទាំងអស់គ្នាបានដឹងហើយថា ការបណ្ដុះបណ្ដាលកងកម្លាំងនគរបាល តម្រូវឱ្យមានការហ្វឹកហាត់ស្វិតស្វាញ និងសកម្ម ប៉ុន្តែលទ្ធផលជោគជ័យនៃការសិក្សាបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សង្គមជាតិ ដូចសុភាសិតមួយបានលើកឡើងថា ការអប់រំបណ្ដុះបណ្ដាលមានប្ញសគល់ល្វីងជូរចត់ ប៉ុន្តែមានផ្លែផ្អែម ដែលមានអត្ថន័យប្រហាក់ប្រហែលទៅនឹងសុភាសិតរបស់បណ្ឌិត្យសភាដែលបានលើកឡើងថា បើអ្នកបង្ហូរញើសច្រើននៅទីនេះ អ្នកនឹងបង្ហូរឈាមតិចនៅតាមដងផ្លូវ»។
ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលមន្ត្រីនគរបាល សម្ដេចបានសង្កត់ធ្ងន់ថា «រដ្ឋបានចំណាយថវិកាយ៉ាងច្រើនសម្រាប់គាំទ្រដល់បណ្ឌិត្យសភា ផ្ទុយទៅវិញ បើសិនជាធនធានមនុស្សដែលយើងបានបណ្ដុះបណ្ដាលរួច តែបែរជាគ្មានគុណភាព ឬមិនត្រូវបានប្រើប្រាស់ និងមិនឱ្យតម្លៃ នោះធ្វើឱ្យរដ្ឋចំណាយថវិកាឥតប្រយោជន៍។ ទាក់ទងនឹងបញ្ហានេះ ខ្ញុំនៅតែសង្កេតឃើញ ថ្នាក់ដឹកនាំអង្គភាពមួយចំនួនតូច នៅតែប្រកាន់យកគំនិតទុទិដ្ឋិនិយមនិងអភិរក្សនិយម ដោយយល់ថា មន្ត្រីដែលអសកម្មត្រូវចាត់បញ្ជូនមករៀន ហើយខ្វះការយកចិត្តទុកដាក់ចំពោះអ្នកដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ»
មុននឹងបញ្ចប់សម្ដេចបានមានប្រសាសន៍ណែនាំចំណុចសំខាន់ៗមួយចំនួន ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្រ្ត៥ឆ្នាំបន្តរបស់បណ្ឌិត្យសភាឱ្យទទួលបាន ជោគជ័យ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងនោះអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ត្រូវពិនិត្យឡើងវិញលើកញ្ចប់ថវិកាប្រចាំឆ្នាំ២០២១របស់បណ្ឌិត្យសភាដែលបានកាត់ចេញ និងត្រូវខិតខំសម្របសម្រួលជាមួយតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរក្សាកញ្ចប់ថវិកាតាមសំណើរបស់បណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់គាំទ្រដល់វគ្គសិក្សានានាដែលត្រូវបណ្តុះបណ្តាល។
សម្ដេចបានណែនាំអង្គភាពពាក់ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្ដល់តម្លៃនិងការលើកទឹកចិត្តដល់មន្ត្រីដែលមានសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ ដែលបញ្ចប់ការសិក្សានៅបណ្ឌិត្យសភា ឬនៅក្រៅប្រទេស ហើយបណ្ឌិត្យសភាត្រូវបន្ដកសាងវប្បធម៌គុណភាព ក្នុងការបណ្ដុះបណ្ដាលកងកម្លាំងនគរបាល ឱ្យមានសមត្ថភាពនិងក្រមសីលធម៌វិជ្ជាជីវៈពិតប្រាកដ ឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមជាតិ និងត្រូវជំរុញការងារស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងត្រូវប្រមូលព័ត៌មាន ទាក់ទងទៅនឹងការប្រើប្រាស់ធនធានមនុស្សដែលបានបណ្ដុះបណ្ដាលរួច នៅតាមអង្គភាពប្រើប្រាស់កងកម្លាំងនានា។
ទាក់ទងទៅនឹងសារៈមន្ទីរនគរបាលជាតិ ដែលគ្រោងសង់ថ្មីក្នុងបរិវេណបណ្ឌិត្យសភា សម្ដេចបានណែនាំឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធត្រូវជួបប្រជុំពិភាក្សាគ្នាអំពីការផ្ទេរការគ្រប់គ្រង និងការសាងសង់សារៈមន្ទីរនគរបាលជាតិនេះ។ សម្រាប់ស្ថានភាពដូចបច្ចុប្បន្ននេះ សម្ដេចក៏បានណែនាំឱ្យបណ្ឌិត្យសភាត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តវិធានការណែនាំនានា ដើម្បីបង្ការនិង ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដូចជា ការពាក់ម៉ាស់ ការលាងដៃនឹងសាប៊ូ ជែល អាល់កុល ការវាស់កម្ដៅ ការរក្សាគម្លាតសុវត្ថិភាព ជាដើម៕
ដោយ៖សិលា