ព័ត៌មានទាន់ហេតុការណ៍៖

កាំកុងត្រូល និងគយ សហការគ្នាត្រួតពិនិត្យការនាំចូលបន្លែ ដែលមានសារធាតុគីមីពុលពីបរទេស តាមច្រកទ្ធាអន្តរជាតិជ្រៃធំ

ចែករំលែក៖

ខេត្តកណ្តាល៖ មន្ត្រីសាខា ក.ប.ប ខេត្តកណ្តាល និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការគ្នាត្រួតពិនិត្យការនាំចូលបន្លែ ដែលមានសារធាតុគីមីពុលពីបរទេស តាមច្រកទ្ធាអន្តរជាតិជ្រៃធំ នៅស្រុកកោះធំ ខេត្តកណ្តាល។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជា មន្ត្រីសាខា ក.ប.ប ខេត្តកណ្តាល បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ក.ប.ប សហការគ្នាត្រួតពិនិត្យការនាំចូលបន្លែ ដែលមានសារធាតុគីមីពុលពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា ដែលនាំចូលតាមមាត់ច្រកទ្វាអន្តរជាតិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូបន្លែ ២០ គំរូ រួមមាន៖ ពោតបារាំង ក្រូចឆ្មាតូច ត្រប់ស្រួយ ប៉េងប៉ោះ ត្រសក់ ម្ទេសហាវៃ ស្ពៃក្តោប ដំឡូងជ្វា ផ្លែល្ពៅ ស្ពៃបូកគោ ផ្លែស៊ូ ផ្លែម្ទេស ផ្កាស្នោរ ក្រូចឆ្មា ឆៃថាវ ត្រប់វែង ពពាយ ត្រាវ ផ្កាគូឆាយ និងផ្កាខាត់ណា ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាអ្នកបរិភោគ។
ចុងក្រោយជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយនៅក្នុងគំរូបន្លែទាំងនោះឡើយ៕ដោយ៖សិលា


ចែករំលែក៖