ខេត្តបន្ទាយមាជ័យ ៖ អាជ្ញាធរដែនដីនិងក្រុមជំនាញបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការការពារជំងឺសារទឹកសត្វគោក្របីនៅទូទាំងបន្ទាយមានជ័យ ប្រយោជន៍ការពារកុំឲ្យឆ្លងរាលដាលកាន់តែខ្លាំង។
ពិធីនេះបានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២០ នៅសាលាបឋមសិក្សាភូមិថ្មី ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ កក្រោមការដឹកនាំពីលោកអភិបាលខេត្ត និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ។
លោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មរក្ខាប្រមាញ់និងនេសាទខេត្តបានឲ្យដឹងថាក្រុមការងារការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្តសហការជាមួយភ្នាក់ងារពេទ្យសត្វភូមិ មន្ត្រីអាជ្ញាធរដែនដីនិងកសិករម្ចាស់សត្វពាហន:បានបែងចែកក្រុមធ្វើយុទ្ធនាការចុះតាមគោលដៅនៃបណ្តាស្រុក ក្រុងទាំង៩នៅក្នុងខេត្តដើម្បីចាក់វ៉ាក់សាំងសាទឹកដល់សត្វគោក្របីដើម្បីបង្ការ ការពារជំងឺទឹកសាទឹក ហើម នឹងហៀរសំបោរ ដល់គោ និងក្របីរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់តាំងពីដើមខែកក្កដាឆ្នាំ២០២០មក ។
ក្នុងពិធីផ្លូវការនៃយុទ្ធនាការថ្ងៃនេះ បានធ្វើលើសត្វគោ ចំនួន ៣២៥ ក្បាល ក្នុងភូមិថ្មីឃុំទឹកជោរស្រុកព្រះនេត្រព្រះ ដែលឧបត្ថម្ភ គាំទ្រដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត។វ៉ាក់សាំងដែលយកមកចាក់លើសត្វពាហន:នេះ បានទទួលពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
លោកប៉ាង វណ្ណាសេដ្ឋ បន្តថា៖ មកទល់ពេលនេះ ស្ថានភាពសុខភាពនិងផលិតកម្មសត្វក្នុងខេត្តល្អប្រសើរទេ ហើយទិនន្ន័យបច្ចុប្បន្នភាពការចិញ្ចឹមសត្វគោក្របីយកសាច់របស់កសិករក្នុងខេត្ត មានគោចំនួន១០៤.៨៣៧ក្បាលលើគ្រួសារកសិករ១០៤.២៧០គ្រួសារ ក្នុងនោះមាន៥៦៧កសិដ្ឋាន ។ក្រៅពីនោះ ចិញ្ចឹមជាលក្ខណៈគ្រួសារ ។ ឯក្របីមាន៩.៥០២ក្បាល នៃ៩.៥០២គ្រួសារ (គ្មានកសិដ្ឋានទេ) ។
ក្នុងឱកាសនោះដែរ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋជាកសិករម្ចាស់សត្វ ដោយបានបានណែនាំបន្ថែមដល់បងប្អូនប្រជាកសិករម្ចាស់គោក្របី អោយបន្តថែទាំ តាមដានសុខភាពដល់សត្វ ហើយប្រាស្រ័យទាក់ទងនឹងភ្នាក់ងារពេទ្យសត្វភូមិ មន្ត្រីពេទ្យសត្វខេត្តជាប្រចាំដើម្បីធ្វើយ៉ាងណាឲ្យសត្វមានសុខភាពល្អ ធំធាត់លឿន ហើយលក់ដូរបានកម្រៃសមស្រប។ព្រោះថា សព្វថ្ងៃសត្វគោក្របី កសិករចិញ្ចឹមដើម្បីយកសាច់ មិនមែនប្រើជាកម្លាំងអូសទាញក្នុងវិស័យកសិកម្ម និងការដឹកជញ្ជូនដូចមុនទៀតទេ ។
នាឱកាសនោះដែរ លោកអភិបាលខេត្តនិងមន្ត្រីបានចែកជូនដល់កសិករ១៧០នាក់ ដោយម្នាក់ទទួលបាន ក្រមា១ និងសាប៊ូលាងដៃ២ដុំ ផងដែរ៕ដោយ៖ប្រាថ្នា