ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូបណ្តាលឱ្យស្រីប្រុស២នាក់ រងរបួសបាក់ជើង រួចគេចខ្លួនបាត់បន្សល់ទុកកាត និងអាវប៉ូលិស ពាក់ស័ក្តិ៤កន្លះក្នុងរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់បានរងរបួសបាក់ជើងបន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុកយ៉ាងពេញទំហឹងហេតុការណ៍នេះបានកើតឡើងកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅផ្លូវចូលទៅការិយាល័យធ្វើប៉ាស្ព័រ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ប្រភពព័ត៌មានពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តហាយឡេនឌ័រ និងម៉ូតូ ម៉ាក Zommer x ស្លាកលេខ កំពត 1k-9525 បើកបញ្ច្រាសទិសគ្នា ។ លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែបុកគ្នាពេញទំហឹង ដែលបណ្តាលឱ្យអ្នកជិះម៉ូតូស្រីប្រុសរងរបួសបាក់ជើងទាំងពីរនាក់។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានបើកទ្វាររត់គេចខ្លួនបាត់ តែបានបន្សល់ទុកអត្តសញ្ញាណប័ណ្ណនគរបាលមួយសន្លឹក ឈ្មោះ ពុធ ប៊ុនធឿន ឋានន្តរស័ក្តិវរសេនីយ៍ត្រី និងមានតួនាទីជានាយរងការិយាល័យស្រាវជ្រាវព័ត៌មាន ព្រមទាំងអាវជាមន្ត្រីនគរបាល ពាក់ស័ក្តិ៤កន្លះ មួយទៀតផងដែរ ដើម្បីងាយស្រួលដល់សមត្ថកិច្ចជំនាញស្រាវជ្រាវឱ្យចូលខ្លួនមកដោះស្រាយ៕

ដោយ៖ស សម


ចែករំលែក៖