ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់តែជួយអ្នកជំងឺ និងទុរគតជន ពេលនេះ ស្រេន វុធថា ជួបទុក្ខផ្ទាល់ខ្លួនម្តង

ចែករំលែក៖

    ភ្នំពេញ៖ តារាសម្តែង លោក ស្រេន វុធថា ធ្លាប់ទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនក្រោយពីតារាសម្តែងរូបនេះចាយពេលវេលារបស់ខ្លួនសេសសល់ពីសិល្បៈមកចូលរួមសកម្មភាពមនុស្សធម៌ ពិសេសទុរគតជន និងអ្នកផ្ទុកជំងឺប្រចាំកាយ។ ខណៈនេះតារារូបនេះបានជួបទុកផ្ទាល់ខ្លួនព្រោះតែជំងឺប្រចាំកាយរួមរិតរហូតដល់វេជ្ជបណ្ឌិតតម្រូវឲ្យ វះកាត់បន្ទាន់។

មិនដែលលឺពាក្យថានឿយហត់ និងរាថយនឹងសកម្មភាពមនុស្សធម៌នោះទេ តារាសម្តែង ស្រេន វុធថា តែងឆ្លៀតពេលពីការងារសិល្បៈដើម្បីចុះទៅតាមបណ្តាខេត្តនានាដើម្បីនាំយកអំណោយរបស់សប្បុរសជន ដែលបានផ្តល់តាមរយៈលោកយកទៅជូនទុរគតជន និងអ្នកមានជំងឺប្រចាំកាយ។ មានការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រលោកក្រោយពីលោកបានទម្លាយរឿងរ៉ាវជំងឺប្រចាំកាយធ្ងន់ធ្ងរមួយរហូតដល់វេជ្ជបណ្ឌិតតម្រូវឲ្យមានការវះកាត់ជាបន្ទាន់ដើម្បីបញ្ចៀសគ្រោះថ្នាក់ធ្ងន់ធ្ងរ។ លោក ស្រេន វុធថា បញ្ជាក់ថា ពេលនេះលោកកំពុងតែជួបទុក្ខធំ​ ដោយសារតែជំងឺសសៃកៀបជាប់ឆ្អឹងខ្នង​ ដែលវេជ្ជបណ្ឌិតតម្រូវឲ្យវះកាត់​ ។ លោកបន្តថាប្រសិនបើមិនវះកាត់នោះទេគឺលោកត្រូវពិការអស់មួយជីវិត​ ។ លោកថាការវះកាត់ត្រូវទទួលហានិភ័យដូចគ្នា​ខណៈដែលការចំណាយមានរហូតទៅដល់​ ជាង១ពាន់ដុល្លារអាមេរិកដែលជាបញ្ហាប្រឈមសម្រាប់លោក។ លោកថាពេលនេះលោកគ្មានអ្វីនោះទេ​គឺមានតែសូមអោយទេវតាជួយថែរក្សាលោកតែប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្តែង ស្រេន វុធថា បានចាយ ពេលវេលាមួយចំនួនពីសិល្បៈលោកតែងយកទៅជួយដល់កិច្ចការងារសង្គម ពិសេសការងារមនុស្សធម៌ជួយដល់ជនទីទ័លក្រនិងចាស់ជរាគ្មានទីពឹង និងការងារបរិស្ថានជាដើម។ លោកធ្លាប់លើកឡើងដែរថាលោកមិនមានទ្រព្យធនច្រើនសម្រាប់ការជួយពួកគាត់មែន ប៉ុន្តែលោកនៅមានកម្លាំង ទឹកចិត្ត ដោយរួមគ្នាជាមួយមិត្តភ័ក្កិហើយក៏មានសប្បុរសជនមួយចំនួនជួយបន្ថែមការការផ្សព្វផ្សាយរបស់លោកតាមបណ្តាញសង្គមហ្វេសប៊ុក និងមានសប្បុរសជនមួយចំនួនមានទំនុកចិត្តនិងទឹកចិត្តអាណិតជនគ្មានទីពឹងទើបសកម្មភាពនេះនៅតែបន្ត។ លោកបញ្ជាក់ថាសកម្មភាពសប្បុរសធម៌ទាំងនេះមិនមែនធ្វើឡើងដើម្បីល្បីឈ្មោះ ឬចង់បានមុខមាត់ការកោតសរសើរទេ ប៉ុន្តែលោកចង់ឲ្យមានសកម្មភាពនៃការជួយគ្នា ចែករំលែកក្តីស្រលាញ់ទៅកាន់គ្នាទៅវិញទៅមកក្នុងនាម ប្រជាជនខ្មែរដូចគ្នា ហើយលោកពិតជាសប្បាយចិត្ត និងមានអារម្មណ៍ជ្រះថ្លា ស្រស់ស្រាយក្រោយបានជួយដល់កិច្ចការងារសង្គម ពិសេសជួយដល់ទុរគតជនគ្មានទីពឹង៕ ដោយ៖វឌ្ឍនា


ចែករំលែក៖