ព័ត៌មានទាន់ហេតុការណ៍៖

បានអីមកវិញ បើលេង TikTok រួចបង្ហោះព័ត៌មានមិនពិតបំភ្លៃសង្គម ..!

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុត អ្នកលេង TikTok ម្នាក់បង្ហោះវីដេអូប្រមាថមើលងាយសមត្ថកិច្ច ឥលូវនេះ ចូលខ្លួន ទទួលកំហុស ចំពោះមុខ ច្បាប់ និង ធ្វើការសុំទោសជាសាធារណៈ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្ម រហ័សនៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ សូមធ្វើការបកស្រាយ និងបដិសេធ ទាំងស្រុងចំពោះគណនី Tik Tok ឈ្មោះ Ounlin888899 ដែលបានបង្ហោះ វីដេអូ ដែលមានខ្លឹមសារប្រមាថមើលងាយ ដោយ គ្មានភស្តុតាង មកលើសមត្ថកិច្ចកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០។

សូមបញ្ជាក់ថា៖ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សបានធ្វើ ការសហការណ៍ ជាមួយ ការិយាល័យប្រឆាំងបទល្មើស បច្ចេកវិទ្យា នៃផែនការងារសន្តិសុខ នៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើការស្វែងរកនិង កោះហៅបុគ្គលឈ្មោះ យុន សុខលីន ឲ្យចូលខ្លួនមកទទួលកំហុស ចំពោះមុខច្បាប់ និងធ្វើការសុំទោសជាសាធារណៈ ។
ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស បានបន្តថា៖ ដោយទទួលស្គាល់ព័ត៌មាន វីដេអូ ដែលខ្លួន បានបង្ហោះនោះ ជាព័ត៌មានមិនពិត បុគ្គល រូបនេះបានយល់ព្រមទទួលកំហុស ហើយ ចូលខ្លួនមកសារភាពកំហុសតាមការកោះហៅរបស់សមត្ថកិច្ច ដោយបានធ្វើ កិច្ចសន្យា និងថតជាវីដេអូសុំទោសជាសាធារណៈដើម្បីសុំទោសសមត្ថកិច្ច ក៏ដូចជា ប្រជាពលរដ្ឋទាំងអស់ចំពោះទង្វើដែល សង្គមស្អប់ខ្ពើមនេះផងដែរ ។
អង្គភាពស្នងការនគរបាលក៏សូម ថ្លែងអំណរគុណ ចំពោះ កិច្ចសហការល្អ របស់សាធារណជន ជាពិសេសបណ្ដាញ ទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែក រក្សា ការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សង្គម រិះគន់ ក្នុងន័យស្ថាបនា និង ទទួលយកជា មូលដ្ឋានធ្វើការកែលម្អ ហើយក៏សូមអំពាវនាវ ដល់សាធារណជន និងបណ្ដាញសង្គម ចៀសវាង ការអត្ថាធិប្បាយ ចងក្រង ខ្លឹមសារ រូបភាព សកម្មភាព បំផ្លើសការពិត ជាហេតុ បង្ក ឲ្យមាន ភាពវឹកវរ បំពុលបរិយាកាស សង្គម ចលាចល បង្ក ភាពភ័យខ្លាច ដល់ ប្រជាពលរដ្ឋ និង អាច ប្រឈម ចំពោះមុខ ច្បាប់ ជាធរមានផងដែរ ៕ដោយ៖សហការី


ចែករំលែក៖