អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters បានប្រកាសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះថា បន្ទាប់ពីច្បាប់សន្តិសុខជាតិហុងកុង បានចូលជាធរមានជិតមួយខែ រដ្ឋាភិបាលនូវែលសេឡង់ បានសម្រេចផ្អាកសន្ធិសញ្ញាជាមួយហុងកុង ។ មិនតែប៉ុណ្ណោះលោករដ្ឋមន្ត្រីការបរទេសរូបនេះ បញ្ជាក់បន្ថែមថា នូវែលសេឡង់ អាចពិនិត្យលើកិច្ចព្រមព្រៀងនេះឡើងវិញ ប្រសិនបើចិនគោរពគោលការណ៍ «ប្រទេសមួយប្រព័ន្ធពីរ» បានល្អ។
សូមជម្រាបថា ប្រទេសនូវែលសេឡង់ ដែលជាប្រទេសជិតខាងអូស្ត្រាលីក៏បានសម្រេចផ្អាកកិច្ចព្រមព្រាងបត្យាប័នជាមួយហុងកុងដែរ។ បើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters នូវែលសេឡង់ មិនអាចទុកចិត្តប្រព័ន្ធយុត្តិធម៌របស់ហុងកុងបានឡើយថាតើវាឯករាជ្យគ្រប់គ្រាន់ពីចិនឬក៏អត់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងន័យនេះ លោកប្រមុខការទូតនូវែលសេឡង់ ចង់បញ្ជាក់ថា ការដាក់ឲ្យអនុវត្តច្បាប់សន្តិសុខជាតិហុងកុង ពីសំណាក់ទីក្រុងប៉េកាំង គឺជាការបំផ្លាញគោលការណ៍នីតិរដ្ឋ និងគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» របស់ហុងកុង។ យ៉ាងណាក៏ដោយ នូវែលសេឡង់ អាចនឹងពិនិត្យមើលកិច្ចព្រមព្រៀងបត្យាប័នជាមួយហុងកុងឡើងវិញ ប្រសិនបើភាគីចិន បង្ហាញពីការគោរពគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» នាពេលអនាគត។
ក្រៅពីផ្អាកបត្យាប័ន លោក Peters ក៏បានអះអាងថែមទៀតថា នូវែលសេឡង់ នឹងចាត់ទុកការនាំចេញសម្ភារយោធា បច្ចេកវិទ្យាដែលប្រើបានទាំងយោធា និងពាណិជ្ជកម្ម ទៅហុងកុង ឲ្យដូចនឹងការនាំចេញទំនិញទៅចិនដែរ ។ យ៉ាងណាក៏ដោយ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រីមិនបានបញ្ជាក់ឲ្យបានលម្អិតនោះទេ។
ទន្ទឹមនេះ នូវែលសេឡង់ ក៏បានជូនដំណឹងទៅប្រជាជនខ្លួន ដែលកំពុងស្នាក់នៅហុងកុងផងដែរ ឲ្យប្រុងប្រយ័ត្នពីច្បាប់សន្តិសុខជាតិហុងកុង។
គួរបញ្ជាក់ថា ច្បាប់សន្តិសុខជាតិហុងកុង បានបង្កឲ្យមានបញ្ហាចម្រូងចម្រាស់យ៉ាងខ្លាំងទាំងនៅទឹកដីហុងកុង និងបរទេស។ បន្ទាប់ពីអូស្ត្រាលីកាណាដា និងចក្រភពអង់គ្លេស បានផ្អាកកិច្ចព្រមព្រៀងបត្យាប័នជាមួយហុងកុងរួចហើយ ក្រោមហេតុផងថា ច្បាប់នេះ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើបត្យាប័នជនសង្ស័យ និងអ្នកទោស។ ចំណែកអាមេរិកវិញ នាពេលកន្លងមកប្រធានាធិបតីអាមេរិក ក៏បានចុះហេត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ដែលបញ្ចប់ឋានៈពិសេសរបស់ហុងកុងដែរ។
ទាក់ទងនឹងប្រទេសនូវែលសេឡង់ ជាការឆ្លើយតប អគ្គរដ្ឋទូតចិនប្រចាំនៅនូវែលសេឡង់ លោកស្រី Wu Xi បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងលើការវិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរ។ លើសពីនេះ តំណាងចិនលើកឡើងថា ការផ្អាកកិច្ចព្រមព្រៀងបត្យាប័ននេះ គឺជាការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរនិងបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ បើតាមការអះអាងលោកស្រី Wu Xi នូវែលសេឡង់ ត្រូវតែបញ្ឈប់សកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន និងហុងកុងជាបន្ទាន់ បើមិនចង់ឲ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរកាន់តែខ្លាំងជាងមុន។
សូមជម្រាបថាប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់នូវែលសេឡង់ផងដែរ ។ ដោយនៅក្នុងឆ្នាំ២០០៨ ប្រទេសទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងទ្វេភាគីពាណិជ្ជកម្មសេរី (FTA)។
បើតាមវេបសាយរបស់ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ទំហំពាណិជ្ជកម្មរវាងចិន និងនូវែលសេឡង់ មានចំនួន ៣០,៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៨។ ក្នុងនោះ នូវែលសេឡង់ នាំចេញទៅចេញទៅចិនក្នុងទំហំទឹកប្រាក់ ១៧,៣ពាន់លានដុល្លារ និងនាំចូលពីចិន ក្នុងទំហំទឹកប្រាក់១៣,៣ពាន់លានដុល្លារ ៕ដោយ៖ស តារា