វៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍នានាត្រូវបានលុបចោលរាល់ជើងហោះហើរចេញចូលទៅក្រុងដាណាង ប្រទេសវៀតណាម ធ្វើឲ្យអ្នកដំណើរជាង៣០០នាក់ត្រូវជាប់គាំងនៅទីក្រុងរមណីយដ្ឋានឆ្នេរសមុទ្រមួយនេះ។ សណ្ឋាគារនៅទីក្រុងនេះ បានប្រកាសបញ្ចុះតម្លៃដល់ភ្ញៀវដែលបានជាប់គាំងដោយសារតែការបិទទីក្រុង។
ភ្ញៀវទេសចរមកពីតំបន់ផ្សេងៗទៅកម្សាន្តនៅទីក្រុងដាណាង តាំងពីថ្ងៃទី២៣ ខែកក្កដា ហើយគ្រោងវិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២៨ខែកក្កដា។ ប៉ុន្តែជើងហោះហើរចេញ-ចូលទីក្រុងដាណាងត្រូវបានបិទចាប់ពីយប់ថ្ងៃទី ២៧ ខែកក្កដា ធ្វើឲ្យគម្រោងដំណើរកម្សាន្តនានាត្រូវជាប់គាំង។
សណ្ឋាគារទាំងអស់នៅក្នុងទីក្រុងដាណាងទទួលបានការបញ្ចុះតម្លៃដល់ទៅពាក់កណ្តាលដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលមិនអាចវិលត្រឡប់ទៅផ្ទះវិញបាន។
លើសពីនេះទៅទៀត ភ្ញៀវដែលកក់បន្ទប់សណ្ឋាគាររួចរាល់ ប៉ុន្តែមិនបានទៅកម្សាន្តនៅទីនោះក៏ត្រូវបានម្ចាស់សណ្ឋាគារសង់ប្រាក់កក់វិញ១០០ភាគរយផងដែរ។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ នៅទីក្រុងដាណាង គិតដល់វេលាម៉ោង ១៨ ថ្ងៃទី២៨ខែកក្កដា តាមរបាយការណ៍របស់មន្ទីរប្រយុទ្ធប្រឆាំងកូវីដ-១៩ទីក្រុងដាណាងបានឲ្យដឹងថា មានអ្នកឆ្លងថ្មីបន្ថែម៧ករណីទៀត ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសវៀតណាមកើនឡើងដល់៤៣៨នាក់៕ដោយ៖ធី រីណា