ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ការនាំទំនិញរបស់កម្ពុជា ទៅប្រទេសចិន នឹងកើនឡើងប្រមាណ២៥ភាគរយ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចូលជាធរមាន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោក សុខ សុភ័ក្ដ្រ បានគូសបញ្ជាក់ថា ប្រសិនបើកិច្ចព្រមព្រៀង​​ពាណិជ្ជកម្មសេរីកម្ពុជាចិន បានចូលជាធរមាននោះ ការនាំទំនិញចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន នឹងកើនឡើងប្រមាណ២៥ភាគរយបន្ថែមទៀតខណៈឆ្នាំ២០១៩កន្លងទៅកម្ពុជានាំទំនិញទៅប្រទេសចិន បានឡើងរហូតដល់១ពាន់លានដុល្លារហើយទំនិញនាំចូលពីប្រទេសចិនមកវិញ ប្រមាណជិត៧ពាន់លានដុល្លារ។

ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ស្ដីពី «លទ្ធផលបញ្ចប់ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន» នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម សុខ សុភ័ក្ដ្របានលើកឡើងថាកិច្ចព្រមព្រៀងនេះមិនមែនទើបសិក្សា និងរៀបចំក្រោយមានការប្រកាសដកEBA របស់សហគមន៍អឺរ៉ុបនោះទេ គឺកម្ពុជាបានសិក្សារាប់សិបឆ្នាំមកហើយជាមួយភាគីចិន ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋលេខាធិការបន្តថាទំនិញដែលកម្ពុជានាំចូលពីប្រទេសចិន ភាគច្រើនសុទ្ធតែជាប្រភេទគ្រឿងចក្រ និងទំនិញផ្សេងទៀត ដែលបម្រើឱ្យវិស័យសំណង់ជាដើម។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន បានបញ្ចប់ការសិក្សា រួចរាល់ហើយ ដែលត្រៀមនឹងចុះហត្ថលេខាជាផ្លូវការនៅអំឡុងខែសីហា ឆ្នាំ២០២០នេះ។ ទន្ទឹមនេះ បន្ទាប់ពីចុះហត្ថលេខារួច ភាគីទាំងពីរមានគម្រោងដាក់ឱ្យអនុវត្តន៍ចាប់ពីខែមករា ឆ្នាំ២០២១តទៅ។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅថា(FTA) គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេស និងប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ នឹងសម្រួលជាមួយរបាំងពន្ធអាករការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬក្នុងអត្ថន័យរួម បញ្ចូលសេដ្ឋកិច្ចតែមួយ៕ដោយ៖ស តារា


ចែករំលែក៖