ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃវ៉ាក់សំាងប្រឆាំងកូវីដ-១៩នៅអាមេរិកចាក់ពីរម្ជុល អស់៥០-៦០ដុល្លារ

ចែករំលែក៖

អន្តរជាតិ៖ ក្នុងពេលដែលរុស្ស៊ីប្រកាសពីគម្រោងដាក់ឲ្យប្រើប្រាស់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩នៅថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០នោះ នៅពេលនេះ អគ្គនាយកក្រុមហ៊ុនជីវសាស្ត្រអាមេរិក Moderna – Stephane Bagar បានប្រកាសចាប់ផ្តើមដំណើរការ​សាកល្បងដំណាក់កាលទី​៣នៅលើមនុស្សពីវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ។
សារព័ត៌មាន Financial Times បានផ្សាយថា ក្រុមហ៊ុន Moderna បានកំណត់តម្លៃវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ប្រភេទ​ (mRNA-1273) ​មានតម្លៃ ៥០-៦០ ដុល្លារ សម្រាប់ចាក់ពីរម្ជុល។ ទាំងនោះជាតម្លៃប្រើប្រាស់នៅលើទឹកដីអាមេរិក ហើយការលក់នៅក្រៅប្រទេស​នឹងមានតម្លៃថ្លៃជាងនេះ។
ជាមួយគ្នានោះដែរ ក្រុមហ៊ុនផលិតឱសថ Pfizer របស់អាមេរិក និងដៃគូ​BioNTech របស់អាល្លឺម៉ង់ ក្នុងការផលិតវ៉ាក់សាំង vaccine COVID-19 គឺមានតម្លៃតែ​៣៩ ដុល្លារប៉ុណ្ណោះ ទាបជាងវ៉ាក់សាំងរបស់ក្រុមហ៊ុនModerna។ ប៉ុន្តែចំពោះក្រុមហ៊ុន Moderna វិញមិនទាន់ចេញតម្លៃចុងក្រោយនៅឡើយទេ។​ ក្រុមហ៊ុនក៏បានប្រកាសរក្សាការសម្ងាត់ ពីតម្លៃតាមកិច្ចព្រមព្រៀង។
បច្ចុប្បន្ននៅលើពិភពលោក កំពុងតែស្រាវជ្រាវ វ៉ាក់សាំង ​២០ប្រភេទប្រឆាំងកូវីដ​-១៩ ហើយប្រទេសដែលមានក្រុមស្រាវជ្រាវវេជ្ជសាស្ត្រ ពូកែៗ​ដូចជា អាមេរិក ចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ កំពុងតែ ប្រកួតប្រជែងគ្នាក្នុងការផលិតវ៉ាក់សាំងដាក់លក់នៅលើទីផ្សារឲ្យបានមុនគេបង្អស់៕ដោយ៖ធី រីណា


ចែករំលែក៖