កូរ៉េខាងជើង៖បើទោះបីមិនទាន់មានករណីឆ្លងកូវីដ-១៩ ត្រូវបានប្រកាសជាផ្លូវការនៅក្នុងទឹកដីកូរ៉េខាងជើងក្តី ប៉ុន្តែប្រទេសនេះបានចាត់វិធានការយ៉ាងតឹងតែងបំផុតក្នុងការទប់ស្កាត់ ។
នៅថ្ងៃទី៣០ ខែកក្កដា បុគ្គលដែលមានឥទ្ធិពលទីពីររបស់កូរ៉េខាងជើង គឺលោក Choe Ryong-hae បានទៅដល់ទីក្រុងកេស៊ុង ហើយបានត្រួតពិនិត្យសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩របស់មន្ត្រីក្នុងតំបន់ ។
នៅតំបន់កេស៊ុង លោក Choe Ryong-hae បានជួបជាមួយមន្ត្រីក្នុងតំបន់ ហើយបញ្ជាឲ្យមានការធានាផ្គត់ផ្គង់ស្បៀងអាហារ និង ថ្នាំពេទ្យដល់ពលរដ្ឋឲ្យបានគ្រប់គ្រាន់។ ជាមួយគ្នានេះគឺត្រូវគោរពទៅតាមច្បាប់ប្រឆាំងកូវីដ-១៩។
ដំណើរទៅកាន់តំបន់កេស៊ុងរបស់លោកChoe Ryong-hae គឺជាការបង្ហាញពីសារៈសំខាន់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
កូរ៉េខាងជើង បានប្រកាសអាសន្ន និងអនុម័តបិទទីក្រុងកេស៊ុងតាំងពីថ្ងៃទី២៦ខែកក្កដា ក្រោយពេលមានករណីសង្ស័យឆ្លងកូវីដ-១៩ ពីបុរសម្នាក់ដែលទើបតែលួចរត់ពីកូរ៉េខាងត្បូង មកកាន់កូរ៉េខាងជើងវិញនៅតំបន់កេស៊ុង។ប៉ុន្តែលទ្ធផលធ្វើតេស្តរកមិនឃើញមានកូវីដ-១៩នោះឡើយ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង គិតមកដល់ថ្ងៃទី៣០ខែកក្កដា ប្រទេសនេះមិនទាន់មានករណីឆ្លងកូវីដ-១៩ ម្នាក់ណាឡើយ ហើយនេះជាលើកទីមួយដែលកូរ៉េខាងជើងបារម្ភ ពិីការឆ្លង ដោយបិទទីក្រុងកេស៊ុង៕ដោយ៖ធី រីណា