ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធធ្វើការសម្អាតនៅលើដងមហាវិថីឈ្នះ=ឈ្នះ និងចិញ្ចើមផ្លូវឱ្យបានស្អាតជាប្រចាំឱ្យមានបរិស្ថានល្អប្រសើរជាមួយនឹងការយកចិត្តទុកដាក់វេចខ្ចប់សំរាមឱ្យបានស្អាត ហើយដើមឈើនៅតាមមហាវិថីនេះក៏ត្រូវតែកាត់លះមែកឱ្យបានស្អាតផងដែរ ។
លោកឃួង ស្រេង បានណែនាំបែបនេះ ក្នុងឱកាសដែលលោកចុះពិនិត្យផ្លូវវិមានឈ្នះ=ឈ្នះ កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ខណៈលោកបានដឹកនាំអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យមើលវិមានឈ្នះ=ឈ្នះនិងតាមបណ្ដោយវិថីមហាវិថីឈ្នះ=ឈ្នះនេះ ដើម្បីធ្វើយ៉ាងណាឱ្យតាមបណ្ដោយមហាវិថីនេះមានបរិស្ថានល្អ មិនមានធូលីដី និងមានសណ្ដាប់ធ្នាប់ល្អប្រសើរ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វាឃើញថាមានធូលីដី ដក់ទឹកនៅតាមចិញ្ចើមផ្លូវជាមួយនឹងភក់ជ្រាំផងដែរ ។ ជាងនេះទៅទៀតបញ្ហាទុកដាក់សំរាមក៏ជាបញ្ហាប្រឈមមួយដែរ ។ ដូច្នេះទេលោកស្នើដល់អាជ្ញាធរធ្វើយ៉ាងណាចុះណែនាំបងប្អូនប្រជាពលរដ្ឋដែលលក់ដូរនៅតាមចិញ្ចើមមហាវិថីនេះត្រូវតែសម្អាតទីតាំងលក់ដូររបស់ខ្លួនឱ្យបានល្អ ដោយត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឱ្យតំបន់នេះមានអនាម័យ បរិស្ថាន ល្អ ដើម្បីចូលរួមបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ទាំងអស់គ្នា ខណៈជំងឺនេះបាននិងកំពុងរីករាលដាលនៅទូទាំងពិភពលោក ហើយកម្ពុជាក៏ជាប្រទេសកំពុងតែប្រឈមដែរនោះ។
លោកអភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសម្អាតធូលីដី និងភក់នៅលើបណ្ដោយផ្លូវនេះឱ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រកៀរទឹកដក់នៅតាមបណ្តោយផ្លូវនេះបញ្ចូលទៅក្នុងលូផងដែរ។
លោកបានបន្តថា ចំពោះមន្ទីរបរិស្ថាន និងអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវមើលថែដើមឈើជាប្រចាំ ពោលគឺបើដើមឈើណាដែលត្រូវលះមែកគឺត្រូវលះមែកចេញឱ្យបានស្អាត តែបើដើមឈើដែលងាប់ក៏ត្រូវតែគាស់ចេញនិងដាំបន្ថែមផងដែរ៕
ដោយ៖សំរិត