ខេត្តបន្ទាយមានជ័យ ៖ ពលករប្រុស ស្រីចំនួន៧នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនសង្កែល្បាតឃើញនៅវេលាម៉ោង៤ល្ងាច ថ្ងៃ ទី៣ ខែសីហា ឆ្នាំ ២០២០ ក្នុងភូមិសាស្ត្រ ប៉ុស្តិ៍សង្កែ ចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បន្ទាប់ពី បានចាញ់បោកមេខ្យល់ថាជូនទៅស្រុកថៃរកការងារកន្លែងល្អៗឲ្យធ្វើ ។
លោកវរសេនីយ៍ត្រី ឡុក ធី នាយនគរបាលប៉ុស្តិ៍ការពារព្រំដែនសង្កែបានប្រាប់ឲ្យដឹងថានៅល្ងាចថ្ងៃទី៣ខែសីហា ឆ្នាំ២០២០លោកបានដឹកនាំនគរបាលជាច្រើននាក់ចុះល្បាតនៅចំណុចភូមិសាស្ត្រសង្កែស្រាប់បានប្រទះឃើញពលករ ប្រុស ស្រីចំនួន៧នាក់ បម្រុងលួចឆ្លងដែនខុស ច្បាប់ទៅរកការងារធ្វើនៅ ប្រទេសថៃខណ:ដែលគេដឹងថាមកដល់ពេលនេះសមត្ថកិច្ចថៃមិនទាន់បានឲ្យដំណឹងថា តម្រូវការកម្មករធ្វើការនោះទេដោយសារជំងឺ កូវីដ-១៩រាតត្បាតពេញពិភពលោកពិសេសប្រទេសថៃ ធ្វើឲ្យជនជាតិថៃ កើតជម្ងឺនេះមានស្លាប់ មានឆ្លង រួចបង្ខំឲ្យនាយករដ្ឋមន្ត្រីថៃប្រកាសប្រទេសគ្រាមានអាសន្ន។
ក្នុងនោះ រោងចក្រត្រូវបិទទាំងស្រុង ធ្វើឲ្យពលករខ្មែរខ្លះបង្ខំចិត្តចាកចេញពីស្រុក ថៃស្ទើរអស់ មកស្រុកខ្មែរវិញ ។រហូតមកដល់សព្វថ្ងៃនេះដែរប្រទេសថៃមិនទាន់ដំណើរការដូចមុននោះឡើយព្រោះសំអាងថាជំងឺកូវីដ-១៩ មិនទាន់បានធូរស្បើយនៅឡើយប្រជាជនថៃមានការប្រុងប្រយ័ត្នទាំងអស់គ្នា។
ជាមួយគ្នានេះដែរសមត្ថកិច្ចថៃបានបញ្ជាក់ទៀតថាអ្វីៗមិនទាន់ដំណើរការនៅឡើយដូច្នេះពលករខ្មែរទាំងអស់ចង់មកធ្វើការនៅថៃប្រយ័ត្នចាញ់បោកមេខ្យល់។
យ៉ាងណាក្រោយពីឃាត់ខ្លួនពលករទាំង៧នាក់នេះដែលមកពីខេត្តបន្ទាយមានជ័យមានចំនួន៥នាក់និងខេត្តតាកែវចំនួន ២នាក់សមត្ថកិច្ចបាននបញ្ជូនពួកគាត់ទៅមណ្ឌលចត្តាឡីស័កទី១ វិទ្យាល័យម៉ាឡៃដើម្បីពិនិត្យសុខភាពនិងបានធ្វើការណែនាំឲ្យឈប់ចាញ់ការឃោសនារបស់មេខ្យល់កុំឲ្យចាញ់បោកមេខ្យល់ទៀត៕ដោយ៖ប្រាថ្នា