ព័ត៌មានទាន់ហេតុការណ៍៖

អនីតិជនបីនាក់នាំគ្នាកាត់ជញ្ជាំងតូបគេចូលប្រមូលលួចយកទូរស័ព្ទនិងស្ពីឃ័របានយ៉ាងច្រើន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០​២០ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង និងតាមយោបល់ណែ​នាំ​របស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នង​ការរងទទួលផែនការងារព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំបានដឹកនាំកម្លាំងជំនាញធ្វើការនាំខ្លួនក្មេងប្រុសចំនួន ៣នាក់យកមកធ្វើការសាកសួរស្រាវជ្រាវក្នុងករណីសង្ស័យធ្វើសកម្ម​ភាព(​កា​ត់​ជញ្ជាំងតូប)លក់ដូរមួយកន្លែង ស្ថិតនៅក្នុងផ្សារព្រែកក្រូច ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯក​ភ្នំ ខេត្តបាត់ដំបង ចូលទៅលួចយកទ្រព្យសម្បត្តិនៅទីនោះ។ 

ក្នុងពេលធ្វើការសាកសួរស្រាវជ្រាវ​ដោយមានអាណាព្យាបាលចូលរួមស្តាប់ផងនោះជនសង័្សយវ័យក្មេងបានឆ្លើយសារភាពថា  ពួកគេ​ពិតជាបានធ្វើសកម្មភាពកាត់ជញ្ជាំងតូបលក់ដូរមួយកន្លែង ចូលទៅលួចយកទ្រព្យសម្បត្តិនៅ​ក្នុងនោះប្រាកដមែន ។

ពួកគេទាំង៣នាក់រួមមាន៖

១-ឈ្មោះ សិទ្ធិ មេសា ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

២-ឈ្មោះ សិទ្ធិ វិឆៃ ភេទប្រុស អាយុ១០ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

៣-ឈ្មោះ យ៉ម ផានុ ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី ១ ខែសី​ហា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ១និង​៣០​នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២ ខែសី​ហា ឆ្នាំ២០២០ នៅចំណុចផ្សារព្រែកក្រូច ស្ថិតក្នុងភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបា​ត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស​មួយបានកើតឡើងដែលករណីនេះបង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វើស​កម្មភាព(កាត់ទម្លុះទម្លាយជញ្ជាំងតូបលក់ទូរស័ព្ទ)​មួយកន្លែងជារបស់ឈ្មោះ ពេញ សិទ្ធិ ភេទប្រុស អា​យុ៣៣ឆ្នាំដែលរស់នៅនិងប្រកបមុខរបរនៅ​ចំ​ណុចកើតហេតុខាងលើ ហើយក្នុងសកម្មភាព​នេះជនសង័្សយបានលួចយកទ្រព្យសម្បត្តិមួយ​ចំនួនរួមមាន៖

១-ទូរសព្ទ័ដៃចំនួន ៦គ្រឿង

២-កូនធុងបាស់(ស្ពីឃរ័ Speaker)ចំនួន ៤​គ្រឿង

៣-ផាវឺេបែង Power Bankចំនួន ៤គ្រឿង។

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលធ្វើការដកហូតបានទ្រព្យសម្បត្តិប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយដោយទទួលបាននូវអនុសាសន៍ណែ​នាំ​ពីលោក គឺ បុណ្ណារ៉ា ព្រះរាជអាជ្ញាអមសា​លា​ដំបូងខេត្តបាត់ដំបង ត្រូវបានធ្វើកំណត់ហេតុកិច្ចស​ន្យា​អប់រំណែនាំនៅចំពោះមុខអាណាព្យាបា​លរបស់ពួកគេនិងបានប្រគល់ឱ្យយកទៅធ្វើការអប់រំនៅមូលដ្ឋានវិញ ដោយសារពួកគេស្ថិតនៅជា(អនីតិជន)នៅឡើយ។

លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការអំ​ពាវនាវដល់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន សូមមេត្តាចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលឱ្យបានជាប់ជាប្រចាំ និងផ្តល់ព័ត៌មានបានទាន់ពេលវេលាក្នុងករណីមានអំពើល្មើសណាមួយកើតឡើងដើម្បីសមត្ថកិច្ចមានលទ្ធភាពក្នុងការចាត់វិធានការស្រាវជ្រាវនិងបង្រ្កាបបានទាន់ពេលវេលា។ ជាមួយនេះដែរ លោកសំណូម​ពរដល់អ្នកអាណាព្យាបាល របស់ក្មេងៗសូមធ្វើការ​តាមដាននិងអប់រំណែនាំជាប់ជាប្រចាំដល់ពួកគេឱ្យបានល្អ កុំឱ្យពួកគេដើរធ្វើសកម្មភាព​ល្មើសច្បាប់ ទាំងពួកគេនៅវ័យក្មេងបែបនេះ ៕

ដោយ៖ស សម


ចែករំលែក៖