អន្តរជាតិ៖ ក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន លោក Ahmad Jawad Usmani បានប្រកាសកាលពីថ្ងៃទី៥ ខែសីហាបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានបញ្ជាក់ថា មានពលរដ្ឋដល់ទៅ៣១ភាគរយ ក្នុងចំណោមពលរដ្ឋទាំងអស់ក្នុងប្រទេសនេះ ឆ្លងកូវីដ-១៩ គឺប្រមាណ១០លាននាក់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អាហ្វហ្គានីស្ថានបានបញ្ជាក់ទៀតថា តាមលទ្ធផលស្រាវជ្រាវទូទាំងប្រទេស អាចនឹងមានពលរដ្ឋដល់ទៅ៣១,៥ភាគរយស្មើនឹង១០លាននាក់នៃចំនួនពលរដ្ឋសរុប ឆ្លងកូវីដ-១៩ ។
រដ្ឋមន្ត្រីAhmad Jawad Usmani បញ្ជាក់ទៀតថា រលកនៃការឆ្លងកូវីដ-១៩បានរាលដាលគ្រប់ទិសទីជុំវិញពិភពលោក។ ចំណែកអាហ្វហ្គានីស្ថាន ក៏មិនខុសពីប្រទេសផ្សេងទៀតដែរ គឺមានអ្នកឆ្លងកូវីដ-១៩ជាលើកទីពីរ។
ប្រទេសអាហ្វហ្គានីស្ថានមានពលរដ្ឋ៣២លាននាក់បានរងគ្រោះដោយសង្គ្រាមជាច្រើនឆ្នាំមកហើយ។ ជាមួយគ្នានេះពលរដ្ឋអាហ្វហ្គានីស្ថានប្រឈមនឹងការឆ្លងកូវីដ-១៩ ផងដែរ។ គិតដល់ថ្ងៃទី៦ខែសីហា តាមតួលេខរបស់គេហទំព័រ Worldometer បានផ្សាយថា អាហ្វហ្គានីស្ថានមានករណីឆ្លងកូវីដ-១៩ចំនួន ៣៦,៨៩៦ នាក់ និងស្លាប់ ១,២៩៨នាក់៕ដោយ៖ធី រីណា