ភ្នំពេញ៖ ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ទទួលបានពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០២០ (Best E-government Service of The Year – Cambodia ICT Awards 2020)។
សូមជម្រាបថា៖ នារសៀលថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពស់ខ្ពស់ បានចូលរួមក្នុងពិធីប្រគល់-ទទួលពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០២០ (Cambodia ICT Awards 2020) ក្រោមអធិបតីភាព លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ និងមានការចូលរួមជាកិត្តិយសពីលោក លោកស្រី ឯកអគ្គរាជទូត/រដ្ឋទូតនៃបណ្ដាប្រទេសសមាជិកអាស៊ានប្រចាំកម្ពុជា តំណាងប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុន ICT និស្សិតវិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(NIPTICT) និងអស់លោក លោកស្រីជាច្រើនរូប។
តាមរយៈការដាក់ពាក្យចូលរួមជាបេក្ខភាពប្រកួតប្រជែងយកពាក្យរង្វាន់បច្ចេកវិទ្យាគមនាគម និងព័ត៌មាន (Cambodia ICT Awards 2020) ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានទទួលជ័យលាភីពានរង្វាន់សេវារដ្ឋបាលអេឡិចត្រូនិកល្អបំផុតប្រចាំឆ្នាំ បន្ទាប់ពីបានវាយតម្លៃជ្រើសរើសដោយគណៈចៅក្រមនៃកម្មវិធី Cambodia ICT Awards 2020 ។
ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នេះ បានផ្តួចផ្តើម និងរៀបចំបង្កើតឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងបានដាក់ឲ្យប្រើប្រាស់សាកល្បងទៅរាជធានី ខេត្តចំនួន៩ រួចហើយ។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ(One Window Service Unit Management Information System) គឺជាប្រព័ន្ធមួយដ៏មានសំខាន់សម្រាប់គ្រប់គ្រង់ និងតាមដានអំពីប្រតិបត្តិការនៃការផ្តល់សេវារដ្ឋបាលតាមបែបព័ត៌មានវិទ្យា ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ។ ប្រជាពលរដ្ឋអាចតាមដានប្រតិបត្តិការនៃការស្នើសុំសេវារបស់ពួកគាត់ តាមរយៈកម្មវិធីទូរស័ព្ទដៃ ដែលអាចអោយគាត់ដឹងថា តើពាក្យស្នើសុំរបស់គាត់បាន ដំណើរការជំហានមួយណា នៅសល់រយៈពេលប៉ុន្មានទៀតទើបរួចរាល់ ។
សូមបញ្ជាក់ថាកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា Cambodia ICT Awards ឬហៅកាត់ថា CICTA (see-ta) គឺជាកម្មវិធីពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍ និងព៌ត័មាន ថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕
ដោយ៖សិលា