ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយមានអ្នកឆ្លងកូវីដ-១៩រាប់ពាន់នាក់ក្នុងមួយថ្ងៃហ្វីលីពីនហក់ឡើងលេខមួយនៅតំបន់អាស៊ាន

ចែករំលែក៖

អន្តរជាតិ៖ ហ្វីលីពីនបានក្លាយជាប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ដោយប៉ុន្មានថ្ងៃចុងក្រោយនេះមានអ្នកឆ្លងកូវីដ-១៩ជាង៥ពាន់នាក់ក្នុង១ថ្ងៃ ធ្វើឲ្យអ្នកឆ្លងកើនឡើងដល់ទៅ ១១៩,៤៦០ករណីហើយ។
តាមសារព័ត៌មានស៊ីនហួរបានផ្សាយនៅថ្ងៃទី៦ខែសីហាថា ហ្វីលីពីនបានក្លាយជាប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបំផុតក្នុងចំណោមប្រទេសជាសមាជិក អាស៊ានទាំងអស់។ ប៉ុន្តែនៅថ្ងៃទី ៦ខែសីហានេះ ចំនួនអ្នកឆ្លងបានថយចុះជាងប៉ុន្មានថ្ងៃមុន ដោយមានអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ៣,៥៦១ នាក់ ។
តាមការប្រកាសរបស់ ក្រសួងសុខាភិបាលហ្វីលីពីន ចំនួនអ្នកជាសះស្បើយបានកើនដល់ ៦៦,៨៣៧នាក់ ហើយចំនួនអ្នកស្លាប់បានកើនដល់ ២,១៥០នាក់ដែរ។ ទីក្រុងម៉ានីល គឺជាទីក្រុងដែលមានអត្រាឆ្លង COVID-19 ប្រចាំថ្ងៃខ្ពស់ជាងគេ ក្នុងចំណោមតំបន់ និងខេត្ត ០៥ទៀតនៃប្រទេសហ្វីលីពីន ដែលត្រូវបានគេរាយការណ៍ អំពីករណីឆ្លងថ្មីៗខ្ពស់ជាងគេ។
ហ្វីលីពីនបានចាត់វិធានការតឹងតែងទប់ស្កាត់ការឆ្លងកូវីដ-១៩ តាមសំណើររបស់គ្រូពេទ្យ ហើយរដ្ឋាភិបាលក៏បានសម្រេចបិទទីក្រុងម៉ានីលជាថ្មី។
កន្លងមក តំណែងលេខមួយ ពីចំនួនអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេ គឺប្រទេស ឥណ្ឌូណេស៊ី ដែលកន្លងមកស្ថិតនៅកំពូលតារាងនោះ នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ អំពីករណីឆ្លង COVID-19 ថ្មីៗ ១,៨៨២នាក់ទៀត ដែលនាំឲ្យចំនួនសរុបកើនដល់ ១១៨,៧៥៣ករណី ស្ថិតនៅលំដាប់លេខ ២ ប្រចាំអាស៊ានវិញ ប៉ុន្តែសម្រាប់ចំនួនករណីស្លាប់វិញ គឺប្រទេសនេះនៅឈរលេខ ១ ដដែលគឺចំនួន ៥,៥២១នាក់៕ដោយ៖ធី រីណា


ចែករំលែក៖