អន្តរជាតិ៖ សារព័ត៌មានរ៉យទ័របានផ្សាយថាបារាំងនិងអាល្លឺម៉ង់បានដើរចេញពីកិច្ចពិភាក្សាស្តីពីការកែទម្រង់ អង្គការសុខភាពពិភពលោក WHO ដោយសារតែខកចិត្តចំពោះ អាមេរិកដែលព្យាយាមដឹកនាំអង្គការមួយនេះបើទោះបីកន្លងមកអាមេរិកបានប្រកាសដកខ្លួនចេញពីអង្គការនេះក្តី។
សកម្មភាពខាងលើ គឺជាជំហានថយក្រោយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយសារតែទីក្រុងវ៉ាស៊ីនតោនជាប្រធានក្រុមប្រទេសG7 ។ អាមេរិកសង្ឃឹមថា នឹងកែទម្រង់ស៊ីជម្រៅដល់អង្គការWHOនៅខែកញ្ញាខាងមុខ គឺមុនពេលបោះឆ្នោតប្រធានាធិបតីអាមេរិក។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ការដែលបារាំងនិងអាល្លឺម៉ង់ ដើរចេញពីកិច្ចប្រជុំ ដោយសារតែ អាមេរិកព្យាយាមដឹកនាំកិច្ចប្រជុំ និងដឹកនាំអង្គការសុខភាពពិភពលោកឲ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួនបើទោះបីអាមេរិកបានប្រកាសដើរចេញពីអង្គការនេះក្តី។
មន្ត្រីមកពីតំបន់អឺរ៉ុបបានបញ្ជាក់ថា គ្មានអ្នកណាចង់ចូលរួមពិភាក្សាស្តីពីការកែទម្រង់របស់ WHO ជាមួយភាគីដែលបានចាកចេញពីអង្គការនេះ ហើយលើកសំណើកែទម្រង់អង្គការអន្តរជាតិដ៏សំខាន់សម្រាប់សុខភាពពលរដ្ឋទាំងអស់លើពិភពលោក។
ក្រសួងសុខាភិបាលអាល្លឺម៉ង់ និងបារាំងបានប្រឆាំងតួនាទីដឹកនាំរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះកិច្ចពិភាក្សានានាស្តីពីការកែទម្រង់ខណៈអាមេរិកបានប្រកាសដកខ្លួនចេញហើយនោះ។ សូមបញ្ជាក់ផងដែរថា កាលពីដើមខែកក្កដា អាមេរិកបានប្រកាសដំណើរការ ដកខ្លួនជាផ្លូវការ នៅថ្ងៃទី៦ខែកក្កដាឆ្នាំ២០២១ ដោយចោទប្រកាន់អង្គការនេះលំអៀងទៅលើប្រទេសចិនពាក់ព័ន្ធកូវីដ-១៩៕
ដោយ៖ធី រីណា