ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់កាណាដា ប្រកាសដំឡើងពន្ធ លើទំនិញអាមេរិកដែលមានតម្លៃ ២.៧ពាន់លានដុល្លារ

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃសុក្រទី៧ ខែសីហាម្សិលមិញនេះ លោកស្រី គ្រីស្ទា ហ្វ្រីលែនដ៍ (Chrystia Freeland) ឧបនាយករដ្ឋមន្ត្រីកាណាដាបានប្រកាសថា ប្រទេសកាណាដានឹងដំឡើងពន្ធ .៦ពាន់លានដុល្លារកាណាដា(.៧ពាន់លានដុល្លារអាមេរិក) លើផលិតផលរបស់សហរដ្ឋអាមេរិកក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសអំពីការសម្រេចចិត្តថា នឹងដំឡើងពន្ធ ១០%ជាថ្មីម្ដងទៀតលើការនាំចូលអាលុយមីញ៉ូម ពីប្រទេសសម្ព័ន្ធមិត្តជិតខាងមួយនេះ។

បើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានចេញផ្សាយនាព្រឹកថ្ងៃសៅរ៍ ទី០៨ខែសីហា ឆ្នាំ២០២០នេះថា លោកស្រី ឧបនាយករដ្ឋមន្ត្រីកាណាដាបានបញ្ជាក់ថា ការដំឡើងពន្ធនេះ នឹងចូលជាធរមានក្នុងរយៈពេល ៣០ថ្ងៃទៀតបន្ទាប់ពីរដ្ឋាភិបាលកាណាដា ធ្វើការពិចារណាថា តើផលិតផលអាមេរិកណាខ្លះដែលត្រូវក្លាយជាគោលដៅ។

ឧបនាយករដ្ឋមន្ត្រីកាណាដាស្រីរូបនេះ និយាយទៀតថា ការលើកឡើងរបស់លោកត្រាំ «វាជារឿងដ៏គួរឲ្យអស់សំណើច» មិនតែប៉ុណ្ណោះលោកស្រី បានសង្កត់ធ្ងន់ទៀតថា ជម្លោះពាណិជ្ជកម្មថ្មីនេះនឹងធ្វើឲ្យប៉ះពាល់ ដល់ ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសទាំងពីរ ដែលកំពុងប្រឈមនឹងវិបត្តិCOVID-19 ដូចគ្នាតែប៉ុណ្ណោះ។ លោកស្រី Freeland ក៏បានគត់សំគាល់ដែលថា រដ្ឋាភិបាលលោក ត្រាំ គឺជា «រដ្ឋបាលគាំពារនិយមបំផុត នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក»

ដោយឡែកលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅរោងចក្រមួយនៃរដ្ឋអូហៃយ៉ូ(Ohio) ថាការដំឡើងពន្ធ ១០% ទៅលើផលិតផលអាលុយមីញ៉ូម នាំចូលពីប្រទេសកាណាដា នឹងចូលជាធរមាននៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២០ ខាងមុខនេះដោយលើកហេតុផលថាជា «កង្វល់សន្តិសុខជាតិ»

បើតាមការបញ្ជាក់ពី លោក ចាស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្រី្តកាណាដា ក៏បានលើកឡើងយ៉ាងដូច្នេះថា «ដើម្បីឆ្លើយតបនឹងការយកពន្ធរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសនៅថ្ងៃនេះ ប្រទេសកាណាដានឹងដាក់ចេញនូវវិធានការតបតវិញ ដោយការយកពន្ធលើការនាំចូលទំនិញ របស់សហរដ្ឋអាមេរិកដូចគ្នា» លោកនាយករដ្ឋមន្ត្រី បានបន្តទៀតថា «យើងនឹងតតាំងជានិច្ច ដើម្បីកម្មករអាលុយមីញ៉ូមរបស់យើង។យើងបានធ្វើដូច្នេះម្តងហើយកាលពីឆ្នាំ ២០១៨ ហើយយើងនឹងក្រោកឈរឡើង សម្រាប់ពួកគេម្ដងទៀត»

សូមជម្រាបថា លោកត្រាំ ធ្លាប់បានដំឡើងពន្ធ ១០%លើអាលុយមីញ៉ូមកាណាដា កាលពីខែមីនាឆ្នាំ ២០១៨ ម្តងរួចទៅហើយ ខណៈដែលប្រទេសកាណាដា បានសងសឹកវិញជាមួយនឹងការដំឡើងពន្ធរាប់ពាន់លានដុល្លារលើ ផលិតផលអាមេរិក។ ក្រោយមកសហរដ្ឋអាមេរិក បានលុបចោលវិញនិងយប់ព្រមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាមេរិកខាងជើងសាជាថ្មី៕ដោយ៖ស តារា


ចែករំលែក៖