ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នេះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានផ្ញើសារជូន លោក ង៉ូ ស៊ុនលិច្ស (Ngo Xuan Lich) រដ្ឋមន្ត្រីការពារប្រទេសវៀតណាម ដើម្បីចូលរួមរំលែកទុក្ខចំពោះ មរណភាពរបស់ លោក ឡឺ ខាភៀវ អតីតអគ្គលេខាធិការនៃបក្សកុម្មុយនីស្តវៀតណាម។
នៅក្នុងសារលិខិតរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងយ៉ាងដូច្នេះថា៖ ខ្ញុំមានសេចក្តីក្តុកក្តួលដ៏ក្រៃលែងដោយបានទទួលដំណឹងពីការទទួលអនិច្ចកម្ម របស់លោក ឡឺ ខាភៀ អតីតអគ្គលេខាមជ្ឈឹមបក្ស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។
លោកបន្តថា៖ មរណភាពរបស់លោក ឡឺ ខាភៀវ គឺជាការបាត់បង់ ដ៏ធំធេងនូវថ្នាក់ដឹកនាំ ដ៏ឈ្លាសវៃ និងយុទ្ធសាស្ត្រ មួយរូប ដែលបានចូលរួមធ្វើពលិកម្មធ្វើបរិវត្តន៍ ពោរពេញដោយភាពលះបង់ អង់អាច ក្លាហាន ក្នុងការលើកកម្ពស់ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ដ៏ស្អិតល្មួត រវាងកងទ័ពទាំងពីរផងដែរ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាងនាមនាយទាហាន នៃកងយោធពលខេមរៈភូមិន្ទ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវសមានចិត្តដ៏ជ្រាលជ្រៅ និងចូលរួមរំលែកមរណៈទុក្ខ ដ៏ក្រៀមក្រំបំផុត ជូនចំពោះលោក និងនាយទាហានទាំងអស់ នៃកងទ័ពប្រជាជនវៀតណាម ជាពិសេសក្រុមគ្រួសាររបស់លោក ចំពោះការបាត់បង់ដ៏ធំធេងនិងសោកសៅនេះ។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានថ្លែងក្នុងសារលិខិតនេះបន្តថា៖ សូមលោក នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទទួលនូវការគោរព រាប់អានដ៏ស្មោះស្ម័គ្រ និងសូមជូនពរលោក ឲ្យបានប្រកបនៅសុខភាពល្អបរិបូណ៍ នឹងទទួលបានជោគជ័យគ្រប់ភារកិច្ច ដ៏ឧត្តុង្គឧត្តម។
សូមអានទាំងស្រុងនូវសារលិខិត របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ផ្ញើជូន នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីការពារប្រទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ទាំងស្រុងដូចខាងក្រោម៕
ដោយ៖ សុខ ខេមរា