ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយផ្ទុះឡើង ករណីជនខិលខូចយកលុយពីពលរដ្ឋឆ្លងស្ពាន​ក្ដារ​​ម្ដង​១ពាន់រៀលនៅខេត្តកំពតនោះ អភិបាលស្រុក​ទឹកឈូ​​ ចុះជួយអន្តរគមន៍មិនឲ្យមានការបង់លុយទៀតឡើយ

ចែករំលែក៖

ខេត្តកំពត៖ បន្ទាប់ពី​គណនី​ហ្វេ​ស​ប៊ុករបស់ឈ្មោះ (​សូ សូ​សាវ៉ា​ត​) ដែល​បាន​បង្ហោះរូបភាព​ចំនួន ០៣​សន្លឹក ពាក់ព័ន្ធរឿង​មាន​ជន​ឱកាសនិយមឆ្លៀត​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពានឈើ​ក្ដារតូច​មួយ ស្ថិត​នៅ​មុខ​សាលាឃុំ ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត គឺ​ត្រូវ​បង់​ម្ដង​១,០០០​រៀល បើសិន​ឆ្លង​ទៅ​ឆ្លង​មក គឺ​ត្រូវ​អស់​ថវិកា ២,០០០​រៀលកាលពី​ម៉ោង​ ២​និង​២៦​នាទី​រសៀល​ថ្ងៃ​ទី​៦ខែសីហា ឆ្នាំ២០២០​ថ្មីៗនេះ ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន ពិសេស​អ្នក​និយម​លេង​នៅ​លើ​បណ្តាញ​សង្គម​នាំ​គ្នា​រិះគន់យ៉ាងខ្លាំង ។ រហូតដឹងដល់​លោក​អភិបាលស្រុក​ទឹកឈូ បានចុះទៅត្រួតពិនិត្យនឹងទិញ​យកស្ពាននោះ​តែ​ម្តង ហើយ​ដាក់​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​ឆ្លង ​ដោយ​ឥត​គិតថ្លៃវិញ។

យោងតាមប្រភពពីគណនី​ហ្វេ​ស​ប៊ុករបស់ឈ្មោះ (​សូ សូ​សាវ៉ា​ត​) ដែលមតិ​របស់​មហាជន​ បានលើក​ឡើងជា​សំនួ​រថា «​ទៅ​មក​សូម​បង់លុយ​២០០០​រៀល ! ដូច​គេ​ថា ស្ពាន​បាក់​យក​ក្ដារ​ត​មែន ? សុំ​ចោទ​សំណួរ ? ដូច​ពេក​ហើយ​ទេ​ដឹង ? តើ​ផ្លូវ​នេះ​ជា​របស់​រដ្ឋ​ឬ ? ស្ពាន​បាក់​នៅ​មុខ​សាលាឃុំ តែ​ឃុំ​គ្មាន​លុយ​ទិញ​ក្ដារ ៤ ទៅ​៥​សន្លឹក យក​មក​ធ្វើ​ស្ពាន​បណ្ដោះអាសន្ន ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​បាន ? ហេតុ​អ្វី ?​» ។

ដោយឡែក បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ បាន​ឲ្យ​ដឹង​ថា «​ចាប់ពី​ម៉ោង​៥​ល្ងាច ​ថ្ងៃ​ទី​៦ សីហា ២០២០​នេះ​តទៅបងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លង​ផ្លូវលំ​សាលាស្រុក​ទឹកឈូ ទៅ​កាន់​វត្ត​កំពូល​មាស​(​វត្ត​ប្រឡាយ​) ផ្លូវលំ​ដាច់ ត្រង់​ស្ពាន​ជិត​សាលាឃុំ​ត្រពាំង​ព្រីងស្រុក​ទឹកឈូ ខេត្តកំពត មិន​ត្រូវ​បង់​ថវិកា​ទៀត​ទេ ។

មន្រ្តីដដែល​បញ្ជាក់​ថា «​ឥឡូវនេះ​ ស្ពាន​ដែល​ប្រជាពលរដ្ឋ​ឆ្លង​ម្ដង​ត្រូវ​ចំណាយ​លុយ​១,០០០៛ (​មួយ​ពាន់​រៀល​) ត្រូវ​បាន​លោក​អភិបាលស្រុក​ទឹកឈូ ទិញ​យក​តែ​ម្តង ហើយ​ដាក់​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​ឆ្លង ​ដោយ​ឥត​គិតថ្លៃ ថែម​ទាំង​បាន​ត​ភ្ជាប់បណ្តាញ​អគ្គិសនី​ដាក់​បំភ្លឺ​ផ្លូវ នៅ​ត្រង់​កន្លែង​ស្ពាន​ឆ្លងនេះថែមទៀត ដើម្បីឲ្យពលរដ្ឋងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរជៀសវាង​គ្រោះថ្នាក់​» ទៀតផង៕ដោយ៖សហការី


ចែករំលែក៖