ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាព លើផ្ទៃដីទំហំ១៦៨,៨០ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាពលើផ្ទៃដីទំហំ១៦៨,៨០ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ស្ថិតក្នុងភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង និងការធ្វើអនុបយោគប្តូរចំណាត់ថ្នាក់ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ នេះបើយោងតាមអនុក្រឹត្យដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០។

យោងតាមអនុក្រឹត្យ រាជរដ្ឋាភិបាលបានកំណត់តំបន់គ្រប់គ្រងលើផ្ទៃដីទំហំ ១៦៨,៨០ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ទៅជាតំបន់ប្រើប្រាស់ដោយចីរភាពដូចមានផែនទី និងនិយាមការជាប់ជាឧបសម្ព័ន្ធ សម្រាប់ផ្ដល់ឲ្យក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី ដើម្បីរៀបចំបំពេញបែបបទនីតិវិធីជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

រាជរដ្ឋាភិបាលបានធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនូវដីទំហំ ១៦៨,៨០ហិកតា ដូចបញ្ជាក់ខាងលើនៃអនុក្រឹត្យនេះ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ក្រោមលក្ខខណ្ឌជួលឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព៧០០មេហ្គាវ៉ាត់ ដែលត្រូវស្ថិតក្រោមការចាត់ចែងនីតិវិធីបន្តដោយក្រសួងបរិស្ថានជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋ នឹងមានកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាល។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

រាជរដ្ឋាភិបាលបានឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖