អន្តរជាតិ៖ នៅរសៀលថ្ងៃទី១០ខែសីហានេះ ចិនបានសម្រេចដាក់ទណ្ឌកម្មទៅលើមន្ត្រីអាមេរិក១១រូបក្នុងនោះមាន សមាជិកព្រឹទ្ធសភាអាមេរិកលោក Ted Cruz និង Marco Rubio ព្រមទាំងមន្ត្រីជាន់ខ្ពស់៩រូបផ្សេងទៀត ។
ការដាក់ទណ្ឌកម្ម របស់រដ្ឋាភិបាលចិនគឺតបតទៅនឹងការដាក់ទណ្ដកម្មរបស់អាមេរិក ទៅលើមន្ត្រីកោះហុងកុង។
នៅក្នុងកិច្ចប្រជុំនាថ្ងៃទី១០ខែសីហាអ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា ទីក្រុងប៉េកាំងសម្រេចដាក់ទណ្ឌកម្មទៅលើមន្ត្រីអាមេរិក១១ រូប។ ការសម្រេចខាងលើកើតឡើងក្រោយពេលដែល ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មទៅលើមន្ត្រីកោះហុងកុង១១រូប ក្នុងនោះមានមេដឹកនាំកោះហុងកុងលោកស្រីCarrie Lam និង មន្ត្រី១០រូបផ្សេងទៀត។
ក្នុងចំណោមមន្ត្រី អាមេរិកដែលចិន ដាក់ទណ្ឌកម្ម ក្រៅពី សមាជិកព្រឹទ្ធសភា Ted Cruz និង Marco Rubio នៅមានប្រធានអង្គការសិទ្ធិមនុស្ស Kenneth Roth និង Michael Abramowitz ព្រមទាំងប្រធានអង្គការក្រៅរដ្ឋាភិបាល មានឈ្មោះថាMichael Abramowitz។
អាមេរិកដាក់ទណ្ឌកម្មទៅលើមន្ត្រីកោះហុងកុង នៅថ្ងៃទី ៧ខែសីហា ដោយចោទប្រកាន់មន្ត្រី១១រូបរបស់ហុងកុង ក្នុងនោះមានមេដឹកនាំ លោកស្រី Carrie Lam ថាជាអ្នកធ្វើឲ្យទន់ខ្សោយ និងបាត់បង់ការគ្រប់គ្រងស្វ័យភាពនៅលើកោះនេះ។ សកម្មភាពដាក់ទណ្ឌកម្មទៅវិញទៅមក ធ្វើឲ្យទំនាក់ទំនងប្រទេសមហាអំណាចទាំងពីរកាន់តែតានតឹងថែមទៀត ៕ដោយ៖ធី រីណា